ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម​ ស​ ខេង​ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាចាប់ពីឆ្នាំ១៩៧៩ មន្ទីរនគរបាលក្រុងភ្នំពេញ ដែលប្រែក្លាយមកជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅលើវិថីប៉ាស្ព័រ កែងផ្លូវលេខ១៥៤ ស្ថិតនៅ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកបន្តថា ដោយពិនិត្យឃើញស្ថានភាពអគាររដ្ឋបាលដែលមានស្រាប់ មានសភាពចាស់ទ្រុឌទ្រោមមិនអាចធានាដល់ការបំពេញភារកិច្ច និងបន្ទាប់ពីបានទទួលគោលការណ៍ឯកភាពនិងគាំទ្រពី សម្ដេចក្រឡាហោម លោកបានខិតខំ កៀរគរថវិកាពីសប្បុរសជននានាដើម្បីគាំទ្រដល់ការសាងសង់ រហូតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ សំណង់អគារចំនួន២ ត្រូវបានចាប់ផ្តើមសាងសង់។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន លើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនិងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់ ជាពិសេស នៅថ្ងៃនេះយើងបានឃើញជាក់ស្ដែងទាំងអស់គ្នានូវអគារទំនើបនិងធំស្កឹមស្កៃ ដែលជាសមិទ្ធផលថ្មីមួយមិនធ្លាប់មាន ក្នុងប្រវត្តិរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសម្រេចបាននូវការសាងសង់អគារនេះទុកសម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈ និងជាឧត្តមប្រយោជន៍ជាតិទាំងមូល។ 

សម្ដេចបន្ថែមថា កងកម្លាំងនគរបាលជាតិត្រូវដើរតួនាទីជាកម្លាំងសហការផង និងជាកម្លាំងស្នូលផង។ ដើម្បីបំពេញតួនាទីនេះបានល្អ កងកម្លាំងនគរបាលជាតិរបស់យើងត្រូវតែធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាចាំបាច់ឱ្យមានលក្ខណៈសម្បត្តិសមស្របដែលជាទីទុកចិត្ត មានភាពជឿជាក់ និងការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋទូទៅ។ ហេតុនេះនៅពេលបំពេញ ភារកិច្ចទទួលខុសត្រូវរបស់ខ្លួន កងកម្លាំងនគរបាលត្រូវដើរតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ពោល គឺមិនមែនដើរតួនាទីជាអ្នកត្រួតត្រា សំឡុត គំរាមកំហែង ប្រជាពលរដ្ឋឱ្យភ័យខ្លាចនោះទេ។ ជាសត្យានុម័ត កាលណាប្រជាពលរដ្ឋខ្លាចអាជ្ញាធរ ខ្លាចនគរបាល គាត់ពិតជាស្អប់យើង គេចមុខ ពីយើងនិងមិនសហការជាមួយយើងនោះទេ។ ដូចនេះ យើងត្រូវធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់ និងពេញចិត្តយើង ដើម្បីទទួលបានការគាំទ្រនិងកិច្ចសហការល្អពីគាត់ ព្រមទាំងធ្វើឱ្យ «ប្រជាពលរដ្ឋម្នាក់ក្លាយជានគរបាលម្នាក់»។ 

សម្ដេច បានផ្ដល់អនុសាន៍ណែនាំមួយចំនួនបន្ថែមទៀត ដល់អគ្គស្នងការដ្នាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចជាបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពក្នុងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវារដ្ឋបាល ដើម្បីទទួលបានជំនឿទុកចិត្តនិងការពេញចិត្តពីប្រជាពលរដ្ឋ។ 

សម្ដេចបានណែនាំឱ្យ បន្តបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើស លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ខ្ពស់និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះការបង្ការ ទប់ស្កាត់ បង្រ្កាប បទល្មើសគ្រឿងញៀន ដែលកំពុងតែរីករាលដាលគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង ជាពិសេស ក្នុងដែនដីសង្កាត់និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ បន្តរក្សាសណ្ដាប់ធ្នាប់សាធារណៈល្អបន្ថែមទៀតនៅតាមសង្កាត់និងខណ្ឌ ជាពិសេសពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ឱ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយអត្រារបួស ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅក្នុងកម្រិតទាបបំផុត។

សម្ដេចបានជំរុញឱ្យបន្តបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើអនាចារ ការជួញដូរមនុស្ស ជាពិសេសស្ដ្រីនិងកុមារ អំពើហិង្សាក្នុងគ្រួសារនិងក្មេងទំនើង តាមសង្កាត់និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ បន្តដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ដែលកើតនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកប ដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ បន្តរក្សាអនាម័យស្អាត  ដោះស្រាយបញ្ហាសំរាមនិងបញ្ហាលូស្ទះ រក្សាសោភ័ណភាព និងបរិស្ថានល្អ តាមសង្កាត់និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយផ្សេងៗ ជាពិសេសអគ្គិភ័យ និងសហការជាមួយក្រសួងជំនាញក្នុងការបង្ការនិងទប់ស្កាត់រាល់ជំងឺឆ្លងរាត ត្បាតកាចសាហាវគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព។ 

    សូមបញ្ជាក់ថាប្រភពថវិកានិងការចំណាយអគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋា រចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារអាមេរិក ដោយមិនបាន ប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់អង្គភាពតាម រយៈការសម្រួលទីតាំងចំនួន២កន្លែង និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេស ។

សម្ដេចបានថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ ដែលបានរួមចំណែកក្នុងការជួយឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសាងសង់អគារនេះបានបញ្ចប់ដោយជោគជ័យ តាមផែនការនិងគម្រោងប្លង់ស្ថាបត្យកម្មដែលបានកំណត់ និងចាត់ទុកកាយវិការសប្បុរសនេះជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវវប្បធម៌ដ៏ល្អក្នុងការចែករំលែកធនធាន មនសិកាស្នេហាជាតិ ព្រមទាំងជួយលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងប្រសិទ្ធភាពការងាររបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ក្នុងយុគសម័យនៃការអភិវឌ្ឍលើគ្រប់វិស័យក្រោមដំបូលនៃសន្តិភាព។ 

សម្ដេចក្រឡាហោម បានចាត់ទុកសមិទ្ធផលថ្មីនេះមានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្ត មនសិការការងារ និងឆន្ទៈមោះមុត ក្នុងភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ មានគំនិតនវានុត្តន៍និងទស្សនវិស័យជាយុទ្ធសាស្ដ្រទាំងបច្ចុប្បន្ននិងអនាគត ព្រមទាំងបង្ហាញអំពីគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការខិតខំស្វែងរកជំនួយឧបត្ថម្ភពីប្រភពផ្សេងៗ ដើម្បីកសាងបាននូវអគារដ៏ស្កឹមស្កៃនេះទុក ជាមរតក និងទីស្នាក់ការកណ្ដាលសម្រាប់កងកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ជំនាន់បំពេញភារកិច្ចនិងប្រើប្រាស់ជាប្រយោជន៍សាធារណៈជារៀងរហូតតទៅ។ 

សម្ដេចបន្តថា សមិទ្ធផលនេះ បង្ហាញអំពីភាពធ្វើជាគំរូ ក្នុងចំណោមស្នងការដ្ឋាននគរបាលទាំងអស់ ពីព្រោះគឺមានតែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប៉ុណ្ណោះ ដែលបានឈានមុខគេក្នុងការ កសាងអគាររដ្ឋបាលមានលក្ខណៈទំនើបទាន់សម័យ ដោយមិនបានប្រើប្រាស់ថវិការដ្ឋបែបនេះ ជាពិសេស ការសាងសង់នេះនៅតែអាចដំណើរការបាន និងសម្រេចបានជោគជ័យតាមផែនការកំណត់ ទោះជាស្ថិតក្នុងដំណាក់កាលនៃការជួបវិបត្តិសេដ្ឋកិច្ច ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ និងជាគំរូក្នុងការកៀរគរថវិកានិងជំនួយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីសាងសង់ឬជួសជុលអគារនៅអង្គភាពរបស់ខ្លួន ដោយមិនប្រើថវិកាជាតិ។

សម្ដេចបន្តថា ការធ្វើទំនើបកម្មសម្រាប់អង្គភាពប្រតិបត្តិការ គឺជាការងារសំខាន់មួយទៀតនៃកំណែទម្រង់ដែលយើងត្រូវតែធ្វើជាប់ជាប្រចាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យឆ្លើយតបទៅនឹងការវិវត្តនៃសភាពការណ៍សន្តិសុខជាតិនិងអន្តរជាតិ ការរីកចម្រើននៃបច្ចេកវិទ្យា ការកើតឡើងនូវប្រភេទបទល្មើសថ្មីៗ បទល្មើសមិនមែនប្រពៃណីនិងបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងបរិបទនៃនិន្នាការសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោក ជាពិសេសគឺបទល្មើសគ្រឿងញៀនដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃកំពុងតែផ្ដោតការយកចិត្ត ទុកដាក់ ខ្ពស់ក្នុងការងារបង្ការ ទប់ស្កាត់ និងបង្រ្កាប សំដៅឈានទៅកាត់បន្ថយ និងកាត់ផ្តាច់បាននូវលំហូនៃការផ្គត់ផ្គង់ ដែលជាចំណុចស្នូលនៃបទល្មើសគ្រឿងញៀន៕

ដោយ​៖ស​ តារា​


ចែករំលែក៖