ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៤៩ឆ្នាំម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនករណីចាប់រំលោភលើស្ត្រីអាយុ៥៥ឆ្នាំម្នាក់បានសម្រេច

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ ២០២២ នេះបុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកូនមុំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។ ករណីរំលោភសេពសន្ថវៈដែលបុរសអាយុ៤៩ឆ្នាំ បានរំលោភស្ត្រីវ័យចំណាស់អាយុ៥៥ឆ្នាំបានសម្រេច។

មន្ត្រីនគរបាលខេត្តរតនគិរីបានឲ្យដឹងថា បុរសវ័យ៤៩ ឆ្នាំម្នាក់ដើរក្នុងព្រៃ ក៏ប្រទះឃើញស្ត្រីម្នាក់កំពុងតែអង្គុយម្នាក់ឯងនៅក្បែរមាត់អូរមួយកន្លែង។ ជាឱកាសល្អក៏បានសម្រេចចិត្តចាប់រំលោភសេពសន្ថវ:លើស្ត្រីអាយុ៥៥ឆ្នាំបានសម្រេចមួយដង។ 

ករណីនេះកាលពីថ្ងៃទី៥ ខែកញា ឆ្នាំ២០២២ វេលាម៉ោង​១និង​០៥នាទីរសៀលនៅត្រង់ចំណុចជើងភ្នំយក្សណាង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ របាយការណ៍ពីសមត្ថកិច្ចស្រុកកូនមុំបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ខៀវ តាប់ ភេទប្រុស អាយុ​៤៩ឆ្នាំ​ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

 រីឯជនរងគ្រោះឈ្មោះ ឈាន់ យាន អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិល្ហើយ ឃុំព្រាល ស្រុកកញ្ចៀច ខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅភូមិ៣ ឃុំត្រពាំច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

របាយការណ៍បានបន្តថា បន្ទាប់ពីបានសាកសួរបំភ្លឺពីជនរងគ្រោះថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១២ជាង ខ្លួនក៏បានចេញពីផ្ទះមកអូរក្បែរជើងភ្នំយក្សណាង ដើម្បីនេសាទត្រី។ ពេលដែលខ្លួនកំពុងតែដេស្បៃបម្រុងនឹងដាក់ត្រី ស្រាប់តែបានឃើញបុរសឈ្មោះ តាប់ មិនដឹងមកពីខាងណាទេ ក៏បានចាប់រំលោភខ្លួន ហើយខ្លួនក៏បានរើបំរាស់យ៉ាងខ្លាំង តែរើមិនរួចទេ ព្រោះខ្លួនគ្មានកម្លាំង ហើយពេលនោះឈ្មោះ តាប់ ក៏ចាប់រំលោភបានសម្រេច ចំនួន១ដង។ 

    បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានអធិការដ្ឋាននគរបាលស្រុកកូនមុំ សាកសួរនិង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖