មន្ត្រីវេណេហ្ស៊ុយអេឡា នៅថ្ងៃទី ៧ខែកញ្ញា បានប្រកាសថា ចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះកម្លាំងប្រឆាំងគ្រឿងញៀនប្រទេសនេះចាប់បានគ្រឿងញៀនសរុប ៣៦,៥តោន ភាគច្រើនជា ប្រភេទកូកាអុីន ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០២២។
មន្ត្រីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ទៀតថា នេះជាលទ្ធផលនៃការដាក់ពង្រាយកម្លាំងពិសេស ដើម្បីបង្ក្រាបគ្រឿងញៀននៅតាមព្រំដែនប្រទេសវេណេហ្ស៊ុយអេឡា ។ ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសតាមកញ្ជក់ទូរទស្សន៍ជាតិស្តីអំពីសកម្មភាពកម្ចាត់គ្រឿងញៀនទ្រង់ទ្រាយធំ ទាំងផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹងកម្ចាត់ក្រុមដែលលូកដៃចូលរួមការពារ ក្រុមជួញដូរគ្រឿងញៀន។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន មេបញ្ជាការកងទ័ពវេណេហ្ស៊ុយអេឡា លោក Domingo Hernández Lárez បានបញ្ជាក់ថា កម្លាំងប៉ូលិសនិង ទាហានបានរារាំងដោយជោគជ័យ ក្នុងការជួញដូរគ្រឿងញៀន ហើយចាប់បានគ្រឿងញឿនជាច្រើន ក្នុងនោះមានកូកាអុីន ២៨,៥តោន កញ្ឆា៧,៥តោន ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ។ ការជួញដូរគ្រឿងញៀនបានកើនឡើង ២៩,១៦% បើប្រៀបធៀបដំណាក់កាលដូចគ្នានៅឆ្នាំ២០២១។
នៅក្នុងយុទ្ធនាការពិសេសនេះកម្លាំងទាហានវេណេហ្ស៊ុយអេឡា រហូតដល់២៥ពាន់នាក់បានដាក់ពង្រាយតាមព្រំដែន ហើយចាប់បានក្រុមជួញដូរគ្រឿងញៀន៦១៥៥នាក់ ។ កម្លាំងទាហានបានវាយប្រហារសម្រុកចូលទីតាំងជួញដូរគ្រឿងញៀន៥៧កន្លែង ហើយរឹបអូសបានយន្តហោះ២៧គ្រឿងដែលក្រុមឈ្មួញបានប្រើប្រាស់សម្រាប់ជួញដូរគ្រឿងញៀន៕ ដោយ៖ ធីរីណា
រូបថត៖ Reuters