ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងសមត្ថកិច្ចចម្រុះចុះពិនិត្យកម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអាជ្ញាធរថៃជូនដំណឹងស្ដីពីស្ថានភាពទឹកហូរគំហុកពីស្រុកអារញ្ញមក នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតរួមជាមួយមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ និងក្រុមការងារមន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរសង្កាត់អូរជ្រៅ ព្រមទាំងកងកម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យកម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានហក់ឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយសារតែក្រុងប៉ោយប៉ែតកំពុងទទួលរងឥទ្ធិពលនៃភ្លៀងធ្លាក់ជាប់ៗគ្នា ប៉ុន្តែមិនទាន់មានការជន់លិចលង់ផលដំណាំ លំនៅឋានប្រជាពលរដ្ឋ និងពុំទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ ប៉ុន្តែរដ្ឋបាលក្រុងប៉ោយប៉ែតបានត្រៀមកម្លាំងប្រុងជើងការរួចជាស្រេច។

    ក្នុងឱកាសនោះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមមាត់អូរព្រំដែនកម្ពុជា-ថៃ និងតំបន់ទំនាបដែលមានមុខទឹកហូរឆ្លងកាត់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងដើម្បី ចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងត្រូវរាយការណ៍មកអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងករណីមានអាសន្នណាមួយកើតឡើង។ 

    ការចុះពិនិត្យតាមបណ្ដោយមាត់អូរព្រំដែនកម្ពុជា-ថៃ មានបីភូមិ គឺភូមិប៉ោយប៉ែត ភូមិក្បាលកោះ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត៕

ដោយ ៖ វណ្ណា


ចែករំលែក៖