ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះជិះម៉ូតូរបស់គេទៅទិញស្រាមួយភ្លែត តែបែរជាយកម៉ូតូគេទៅបញ្ចាំទៅវិញ ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២ និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ឆុន សាត ស្ថិតនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឆុន សាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ថា ផា ហៅញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ សម្ភារបាត់បង់: ម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េវ(wave)ពណ៌ស។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ឆុន សាត និងជនសង្ស័យឈ្មោះ ថា ផា បានផឹកស្រាជាមួយគ្នា។ នៅពេលអស់ស្រាផឹក ជនរងគ្រោះក៏បានប្រើឱ្យជនសង្ស័យជិះម៉ូតូរបស់ខ្លួនម៉ាកវ៉េវ ពណ៌សទៅទិញស្រាយកមកផឹកបន្ត ដោយបានឱ្យប្រាក់ចំនួន១០,០០០រៀលទិញសាច់ក្លែមទៀតផង ឈ្មោះ ថា ផា ក៏បានជិះម៉ូតូចេញទៅបាត់មិនឃើញត្រលប់មកវិញទេ។
រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីឈ្មោះ ឆុន សាត បានទទួលដំណឹងថាឈ្មោះ ថា ផា បានត្រលប់មកផ្ទះវិញខ្លួនក៏បានស្នើសុំមកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវជួយធ្វើអន្តរាគមន៍។ ដើម្បីឆ្លើយតាមការស្នើសុំជំនួយរបស់ឈ្មោះ ឆុន សាត កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវបានកោះហៅឈ្មោះ ថា ផា មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ថា ផា បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូម៉ាកវ៉េវពណ៌ស របស់ឈ្មោះ ឆុន សាត ពិតប្រាកដមែន ដោយខ្លួនបានយកទៅដាក់បញ្ចាំបានប្រាក់ចំនួន២០០$(ពីររយដុល្លារ)នៅកន្លែងបញ្ចាំមិនស្គាល់ឈ្មោះម្ដុំផ្សារដើមគ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ