ព័ត៌មានទាន់ហេតុការណ៍៖

ការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II ធ្វើឱ្យអង់គ្លេសក្នុងពេល១សប្តាហ៍មាននាយករដ្ឋមន្ត្រីថ្មី និងព្រះមហាក្សត្រថ្មី

ចែករំលែក៖

អង់គ្លេសហាក់បីដូចជាបានផ្លាស់ប្តូរទាំងស្រុង ទាំងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋបាលនៅក្នុងប្រទេសនេះ ក៏ដូចជាព្រះមហាក្សត្រ បន្ទាប់ពីព្រះមហាក្សត្រិយានី Elizabeth II បានយាងចូលទិវង្គត។ ក្នុងពេលនេះព្រះអង្គម្ចាស់ Charles បានក្លាយជាព្រះមហាក្សត្រដោយស្វ័យប្រវត្តិជំនួសព្រះមហាក្សត្រិយានី ដោយព្រះអង្គ យកព្រះបរមងារជាស្តេច Charles III ។
នៅក្នុងសេចក្តីប្រកាសក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះដែលរាជវាំង Buckingham ប្រកាសពីការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅវិមាន Balmoral នាល្ងាចថ្ងៃទី ៨ខែកញ្ញា(ពេលវេលានៅអង់គ្លេស)។ ព្រះមហាក្សត្រថ្មី Charles III ព្រះជន្ម៧៣ព្រះវស្សា បានបង្ហាញការគោរពស្រឡាញ់ការសោកស្តាយដល់ព្រះមាតារបស់ព្រះអង្គ ។ ព្រះមហាក្សត្រ Charles III បានមានព្រះបន្ទូលថា «នេះជាពេលវេលាឈឺចាប់បំផុតចំពោះរូបខ្ញុំនិងសមាជិកក្នុងគ្រួសាររាជវង្ស»។
ព្រះមហាក្សត្រថ្មីអង់គ្លេស Charles III មានព្រះបន្ទូលទៀតថា «យើងសោកស្តាយយ៉ាងខ្លាំងចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រិយានីជាទីគោរពស្រឡាញ់ ជាព្រះមាតា…ការបាត់បង់ ការទុក្ខសោកនេះកើតឡើងនៅគ្រប់ទិសទីក្នុងទឹកដីអង់គ្លេស និងនៅក្នុងដែនដីដែលគោរពស្រឡាញ់ដល់ព្រះមហាក្សត្រិយានី»។
ព្រះមហាក្សត្រ Charles III មានព្រះបន្ទូលទៀតថា «ក្នុងដំណាក់កាលឈឺចាប់បាត់បង់និងការផ្លាស់ប្តូរនេះ ទូលបង្គំនិងគ្រួសារ ទទួលបានការលើកទឹកចិត្ត គោរពស្រឡាញ់ពីមហាជនសម្រាប់ព្រះមហាក្សត្រិយានី»។
មានប្រសាសន៍នៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី លោកស្រី Liz Truss ជានាយករដ្ឋមន្ត្រីថ្មី បានលើកឡើងថា ព្រះមហាក្សត្រថ្មីបានជ្រើសរើសយកព្រះបរមងារ Charles III ជាការបញ្ចប់រាល់ការសន្និដ្ឋានថាព្រះអង្គនឹងប្រើប្រាស់ព្រះនាមផ្សេងពីនេះដើម្បីគ្រងរាជ្យ។ នាយករដ្ឋមន្ត្រីអង់គ្លេសបញ្ជាក់ថា អតីតព្រះមហាក្សត្រិយានីបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងនិងដឹកនាំអង់គ្លេសនាពេលបច្ចុប្បន្ន។
វិមាន Buckingham បានប្រកាសនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៨ខែកញ្ញា (ត្រូវនឹងម៉ោង០និង៣០នាទីឈានចូលថ្ងៃទី៩ខែកញ្ញា ម៉ោងនៅកម្ពុជា) ព្រះមហាក្សត្រិយានីទ្រង់យាងចាកចេញដោយស្ងប់ស្ងាត់នៅវិមាន Balmoral ។ ព្រះមហាសក្សត្រនិងមហេសី ក៏បាននៅវិមាន Balmoral នាយប់ថ្ងៃទី៨ខែកញ្ញានោះដែរ ហើយព្រះអង្គព្រះសព ដល់ព្រះមាតាជាទីគោរពស្រឡាញ់របស់ព្រះអង្គ៕ ដោយ៖ ធីរីណា

រូបភាព​៖BBC

រូប​ថត​ ៖ AFP


ចែករំលែក៖