ភ្នំពេញ៖ ការបន្ថែម មន្ត្រីរាជការនៅ រាជធានីភ្នំពេញ នៅថ្នាក់ខណ្ឌ វាជារឿងធម្មតា បើការប្រតិភូកម្មការងារពីថ្នាក់កណ្តាល មកថ្នាក់ក្រោមជាតិកាន់តែច្រើន យើងក៏ត្រូវបន្ថែមមនុស្សមកបំពេញការងារឱ្យកាន់តែច្រើនដែរ សំដៅធ្វើយ៉ាងណា ឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ បានលឿន ទាន់ពេលនិងមានតម្លាភាព។
នេះបើតាមការបញ្ជាក់ពីលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌច្បារអំពៅ១រូប នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខណ្ឌច្បារអំពៅ ក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញនិងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។
ក្នុងពិធីនេះត្រូវបានប្រកាសឱ្យលោក កាទើ អះម៉ាត់សទើរ ឱ្យចូលកាន់តំណែងជាអភិបាលរងខណ្ឌច្បារអំពៅ បន្ថែម។
លោកកើត ឆែ បានមានប្រសាសន៍ថា៖ ក្នុងនាមអាជ្ញាធរ កងកម្លាំងត្រូវតែ ការពារនិងថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ព្រោះជារបស់មានតំលៃ មិនអាចកាត់ថ្លៃបាន។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ត្រូវអរគុណសម្តេចតេជោហ៊ុន សែន ដោយសម្តេចនេះហើយ ជាអ្នករកសន្តិភាពបានមកដោយលំបាក។
លោកកើត ឆែ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌ មន្ត្រីរាជការទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើសេវាកម្មផ្សេងៗជូនប្រជាពលរដ្ឋបានយ៉ាងល្អនិងមានតម្លាភាពរហូតធ្វើឱ្យប្រជាពលរដ្ឋគោរពស្រលាញ់ នាំគ្នាបោះឆ្នោតជូនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតយ៉ាងផ្លូកទឹកផ្លូកដីកាលពីថ្ងៃទី០៥មិថុនាកន្លងមកថ្មីៗនេះ។ លោកកើត ឆែ បានសូមឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ បន្តសកម្មភាពល្អៗទាំងនេះបន្តទៀត ដើម្បី ឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត។
លោក កើត ឆែ ក៏បានផ្តាំផ្ញើរទៅលោកអភិបាលរងថ្មី ត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋអោយបានល្អ ពិសេសអោយយល់ពីតម្លៃសន្តិភាព ព្រោះអ្វីៗវាកើតចេញពីសន្តិភាព នេះហើយ បើគ្មានសន្តិភាព អ្វីៗក៏មិនអាចទៅមុខដែរ។ បន្ថែមពីនេះត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។
លោកកើត ឆែ បានបន្ថែមទៀតថា៖ ដោយពិនិត្យឃើញពីកំណើនប្រជាជន កំណើនតម្រូវការរបស់ប្រជាពលរដ្ឋ វិទ្យាសាស្ត្រកាន់តែរីកចំរើន ថ្មីៗនេះរាជ រដ្ឋាភិបាលកម្ពុជាបានស្នើ កែប្រែច្បាប់ ដោយបន្ថែម មន្ត្រីរាជការនៅក្នុងជួរ រាជធានី ខេត្ត ស្រុក ខណ្ឌ ដោយក្នុងនោះសម្រាប់រាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរងចំនួន៤រូប និងបន្ថែមអភិបាល រងខណ្ឌចំនួន២រូបទៀត ។ លោកបន្តថា វាជារឿងធម្មតា បើប្រតិភូកម្មពីថ្នាក់កណ្តាលមកថ្នាក់ក្រោមជាតិកាន់តែច្រើន ការងារយើងក៏កាន់តែច្រើន ដែលយើងត្រូវទៀមទារ បន្ថែមមនុស្ស ដើម្បីបំពេញការងារ លើការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយបានលឿនទាន់ពេល និងមានតម្លាភាព។
លោកចេង មុនីរ៉ា ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើង ពីការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ អាជ្ញាធរបានអនុវត្តបានយ៉ាងល្អ មានតម្លាភាពតាមរយៈច្រកចេញ ចូលតែមួយ ។ អាជ្ញាធរសង្កាត់ បានផ្តល់សំបុត្រមរណៈភាពដល់លំនៅដ្ឋានប្រជាពលរដ្ឋ។ បានកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅ ក្នុងមូលដ្ឋាន បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ពីដុសទី១ដល់ដូសទី៥ជូនប្រជាពលរដ្ឋបានល្អ ជាមួយនឹងការដោះ ស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការបានច្រើនករណីផងដែរ ៕
ដោយ ៖ សំរិត