ប្រទេសវៀតណាម៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ក្រសួងទេសចរណ៍សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធី «រាត្រីកម្ពុជាឆ្នាំ២០២២ – Cambodia Night 2022» រាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងមានការចូលរួមពីលោក ង្វៀន វ៉ាន់ហ៊ុង (Nguyen Van Hung) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក ថេយ៍ ឱង (Htay Aung) រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា លោក អូណេថូអួង ខៅផាញ់ (Ounethoouang Khaophanh) អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ អគ្គកុងស៊ុល ស្ថានទូតនៃបណ្តាប្រទេសអាស៊ាន អ្នកលក់ អ្នកទិញ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ផ្នែកឯកជនពាក់ព័ន្ធ សមាគមទេសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍កម្ពុជានិងវៀតណាម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណជាង៤០០នាក់។
នាកម្មវិធីរាត្រីកម្ពុជានេះមានការសម្តែងសិល្បៈបុរាណ របាំសហសម័យ និងមានការចូលរួមពីតារាចម្រៀងល្បីៗ ក្រុមតារាបង្ហាញម៉ូដ រួមជាមួយការរៀបចំម្ហូបខ្មែរពីសមាគមចុងភៅដឹកនាំដោយលោក លូ ម៉េង សហប្រធានវិស័យឯកជនទេសចរណ៍កម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានម្លិះជូនភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសខួបលើកទី១៦ នៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE នៅទីក្រុងហូជីមិញ។ រាត្រីកម្ពុជា ២០២២ ទទួលបានការសហការសម្របសម្រួលពីក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT)។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡា៖ រស់ក្នុងសន្តិភាព»។ ដូច្នេះរាត្រីកម្ពុជានាពេលនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-វៀតណាម ដែលជាទីផ្សារផ្ទៃក្នុងអាស៊ានដ៏មានសក្ដានុពល។ ឆ្នាំនេះគឺជាលើកទី១៦ដែលក្រសួងទេសចរណ៍កម្ពុជាបានចូលរួមគាំទ្រ និងសហការនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ រួមជាមួយការរៀបចំ «រាត្រីកម្ពុជា»។
លោករដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីការប្រកាសបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រួមជាមួយការអនុវត្តតាមចក្ខុវិស័យផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ កំណើនទេសចរអន្តរជាតិមកកម្ពុជារយៈពេល៨ខែដើមឆ្នាំ២០២២ មានចំនួនជិត១លាននាក់ កើនឡើង ៥៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
ទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ដទូទាំងប្រទេសជាង៨.៥លាននាក់ កើនឡើង ២៤៥% ក្នុងនោះទេសចរជាតិជាង៧.៦លាននាក់ កើនឡើង ២២៦% និងទេសចរបរទេសផ្ទៃក្នុងជាង៨៧ម៉ឺននាក់ កើនឡើង ២៥៣% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ យោងស្ថានភាពទេសចរណ៍បច្ចុប្បន្ន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិពីចន្លោះ១.៥លានទៅ២លាននាក់ ក្នុងឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការចូលរួមនិងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC និងការរៀបចំរាត្រីកម្ពុជាឆ្នាំ២០២២ នឹងជួយទាក់ទាញកំណើនទេសចរ និងវិនិយោគិនវៀតណាមកាន់តែច្រើនមកទស្សនា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក្នុងដំណាក់កាលនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩។
លោក ថោង ខុន ក៏បានប្រកាសអញ្ជើញភ្ញៀវកិត្តិយសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ស្របជាមួយកិច្ចប្រជុំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើកសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងជំរុញការផ្សព្វផ្សាយ «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើនឡើងថែមទៀត។
លោករដ្ឋមន្ត្រីក៏បានជម្រាបដែរថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនបរទេស និងក្រុមគ្រួសារដែលបានស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរសម្រាប់រយៈពេល១ឆ្នាំដោយឥតគិតថ្លៃ។
រាត្រីកម្ពុជាក៏ជាការចូលរួមអបអរសាទរខួបលើកទី៥៥នៃទំនាក់ទំនងមិត្តភាពការទូតរវាងកម្ពុជានិងវៀតណាម និងខួបលើកទី៥៥នៃការបង្កើតសហគមន៍អាស៊ាន ក៏ដូចជាចូលរួមអបអរសាទរជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងឱកាសប្រារព្ធខួបលើកទី៧៧នៃទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០២២៕
ដោយ៖សហការី