ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបាននៅថ្ងៃត្រង់ថ្ងៃសុក្រទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង៖ ស្ដីពីការទប់ស្កាត់ការការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត និងធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំ អំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ហើយជាពិសេសនោះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប.” បានបញ្ជាក់ថា៖ សូមជម្រាបជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា៖ ក្នុង រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. តែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផលិតផល ថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាកដែលប្រព្រឹត្តដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងធ្វើចរាចរ ចែកចាយក្នុង ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា សកម្មភាពទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងនៅជាធរមានផ្សេងៗទៀត ហើយដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ដែលកំពុងធ្វើ ធុរកិច្ចនៅកម្ពុជា។
ដើម្បីចូលរួមទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលអាចនៅ តែបន្តកើតមានឡើងជាយថាហេតុ និងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែង ប្រកបដោយសមធម៌ ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.បប. សូមក្រើនរំលឹកដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមាន ជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកក្នុងករណីរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើ និងការអនុវត្តមិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នផ្តល់អណត្តិ ដោយច្បាប់ នឹងចាត់វិធានការដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀតដោយមិនមានការ លើកលែង។
អគ្គនាយកដ្ឋាន ក.បប. នៃក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពរបស់ខ្លួន ដោយឈរលើអណត្តិការងារ តាម តួនាទី និងភារកិច្ច ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល៕
ដោយ៖សហការី