ភ្នំពេញ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការធ្វើធុរកិច្ចវិស័យម្ហូបអាហារ» ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
សិក្ខាសាលាមានការចូលរួមពី លោក លោកស្រី ដែលអញ្ជើញ មកពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរជុំវិញរាជធានីភ្នំពេញ តំណាងរដ្ឋបាលខណ្ឌ និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យម្ហូបអាហារ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ថ្លែងក្នុងមតិស្វាគមន៍ដល់អង្គសិក្ខាសាលា លោក ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ត្រង់ត្រាប់នូវមាត្រាសំខាន់ៗនៃច្បាប់ ដែលអត្ថាធិប្បាយ ដោយវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. និងសូមលើកមតិយោបល់ ចោទជាសំនួរ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយឱ្យបានផុលផុស។ ជាមួយគ្នានោះ លោកអភិបាលរង ក៏បានសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ក.ប.ប ខិតខំបំពេញភារកិច្ច ចុះស្រាវជ្រាវកំណត់បទល្មើស នៅតាមបណ្តាគោលដៅទីផ្សារនិងឃ្លាំងស្តុកទំនិញ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវ ការ ធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។
ក្នុងឱកាសនោះផងដែរ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប បានជម្រាបជូន អង្គសិក្ខាសាលាអំពីសារៈសំខាន់នៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺមិនត្រឹមតែនឹងផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជន ដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ និងសមត្ថកិច្ចដែលជា អ្នកអនុវត្តច្បាប់អាចផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកយកអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមគ្នាដោះស្រាយ សំដៅជំរុញឱ្យការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
អង្គសិក្ខាសាលានាព្រឹកនេះ ពិភាក្សាអំពីខ្លឹមសារនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលជាច្បាប់មួយមានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិតនៃការលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាពនៃការ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាព នៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែង ប្រកបដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្មម្ហូបអាហារ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយ៖សហការី