ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍​៖​ ត្រៀម បងប្អូនទាំងអស់គ្នា! ចូលរួមកម្សាន្តពិធីបុណ្យអុំទូកនៅខេត្តឧត្តរមានជ័យ ដែលរដ្ឋបាលខេត្តគ្រោងរៀបចំនៅថ្ងៃទី០១-០២​ ខែតុលា​ ឆ្នាំ​២០២២នេះ!

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសៅរ៍ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ត្រៀម បងប្អូនទាំងអស់គ្នា! ចូលរួមកម្សាន្តពិធីបុណ្យអុំទូកនៅខេត្តឧត្តរមានជ័យ ដែលរដ្ឋបាលខេត្តគ្រោងរៀបចំនៅថ្ងៃទី០១-០២​ ខែតុលា​ ឆ្នាំ​២០២២​ នៅសួនច្បារបឹងស្នោរ បរិវេណសួនច្បារភ្លោះមុខសាលាខេត្ត​ ក្នុងក្រុងសំរោង នាពេលខាងមុខនេះ។

ជាមួយគ្នានោះ​ យោងតាម​សេចក្តីជូនដំណឹងរបស់​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ បានបញ្ជាក់ថា៖​ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ​ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់​ លោក លោកស្រី​ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងសាធារណជនទាំងក្នុង និងក្រៅខេត្តឧត្តរមានជ័យ ឱ្យបានជ្រាបថា ក្នុងគោលបំណងរក្សាបានប្រពៃណី ទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាបង្កបរិយាកាសរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ជារៀងរាល់ឆ្នាំ (លើកលែងតែក្នុងអំឡុងពេលឆ្នាំ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩) អាជ្ញាធរខេត្ដតែងរៀបចំពិធីប្រណាំងទូកនៅបឹងស្ងោរ បរិវេណ សួនច្បារផ្លូវភ្លោះមុខសាលាខេត្ត ហើយក្នុងឆ្នាំនេះ នាថ្ងៃទី ០១-០២ ខែតុលាខាងមុខ រដ្ឋបាលខេត្ត ក៏នឹងបន្តរៀបចំកម្មវិធីដ៏មហោឡារិកនេះដូចបណ្តាឆ្នាំមុនៗដែរ។

ដោយចាត់តាំងឱ្យមានការប្រណាំង ទូក “ង” ខ្នាតអន្តរជាតិ (ចំណុះ ២២នាក់) ជាលក្ខណៈមិត្តភាពរបស់បណ្តាស្ថាប័ន មន្ទីរអង្គភាពជុំវិញ ខេត្ត សាលាក្រុង-ស្រុក សាលាខេត្ត និងទូករបស់បណ្តាខេត្តជាប់ ព្រមទាំងមានការដាក់តាំងបង្ហាញ និងលក់ផលិតផលកសិផលក្នុង និងក្រៅស្រុក គ្រឿងឧបភោគ-បរិភោគសព្វសារពើ ក្នុងគោល បំណងបង្ហាញអំពីសក្តានុពលរបស់ខេត្តនាពេលបច្ចុប្បន្ន រួមនឹងមានការប្រគុំតន្រ្តី និងល្បែងកំសាន្ត នានាក្នុងពេលរាត្រីផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី​ អ្នកឧកញ៉ា លោកឧកញ៉ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសាធារណជនមេត្តាជ្រាប និងចូលរួមក្នុងពិធីនេះឱ្យបានអធឹកអធម ដើម្បីញ៉ាំងឱ្យការប្រារព្ធពិធីនេះមានភាពឱឡារិក និង ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

ដោយ​៖សហការី​


ចែករំលែក៖