ខេត្តស្ទឹងត្រែង ៖ លោក ឡូយ សុផាត ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងជាតំណាងរាស្ត្រខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួមពីសំណាក់ លោក ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា លោក លោកស្រី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលជួយខេត្ត ប្រធាន អនុប្រធានក្រុមការងារ ជួយស្រុក ឃុំ សង្កាត់ គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបក្សភូមិ សាខាបក្ស សរុប២៣០រូប។
លោក ឡូយ សុផាត បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា នៅខេត្តស្ទឹងត្រែង បានដំណើរការ មិនខុសពីស្ថានភាពរួមនៃដំណើរការបោះឆ្នោតក្នុងទូទាំងប្រទេសនោះទេ ពោលគឺបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែងឡើយ។ ប្រជាពលរដ្ឋច្រើនកុះករបានទៅបោះឆ្នោត នៅតាមការិយាល័យនីមួយៗប្រកបដោយភាពថ្លៃថ្នូរសប្បាយរីករាយតាមឆន្ទៈ ដើម្បីជ្រើសរើសតំណាង ឱ្យបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ។
លោក ឡូយ សុផាត បានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះ លោក លោកស្រី ទាំងអស់ ដែលវត្តមាននៅទីនេះក៏ដូចជាមន្រ្តីយើងទាំងអស់ ដែលនៅក្នុងក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ពិសេសថ្នាក់ឃុំ សង្កាត់ និងភូមិ ក្នុងទូទាំងខេត្តដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសំភារៈ ខិតខំបំពេញភារកិច្ច ដែលគណៈអចិន្រ្តៃយ៍បានដាក់ចេញក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៃរដ្ឋសភា រហូតឈានទៅសម្រេចបាននូវជ័យជំនះជូនគណបក្ស បន្តទៀតនាពេលខាងមុខ ។
ដើម្បីសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តនេះ លោក ឡូយ សុផាត បានស្នើមន្ត្រីមុខងាររដ្ឋបាល និងមន្ត្រីបក្សត្រូវយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចមួយចំនួនដូចខាងក្រោម ៖ ការពារដាច់ខាតសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ បន្តជំរុញ យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងការអនុវតន៍វិធានការសុខភាពនានា ដើម្បីបង្កើនភាពសុំាក្នុងសហគម រាំងស្កាត់ការឆ្លងរាលដាលជាថ្មីនៃជំងឺនេះ ជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីស្តារ និង កំណើនជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ការប្រែប្រួលអាកាសធាតុជាសកល ការអនុវត្តឲ្យទាន់បច្ចេកវិទ្យាសេដ្ឋកិច្ចឌីជីថល។ ការជំរុញការអភិវឌ្ឍគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អឆាប់រហ័ស បន្តអនុវត្តន៍គោលនយោបាយគាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជម្ងឺកូវីដ-១៩ ជាដើម។
លោក ឡូយ សុផាត បានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខ ការពិនិត្យកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ឱ្យមានបរិមាណ និងលទ្ធភាពសមស្រប និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យ រក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ស្វែងយល់ពីទុក្ខលំបាកប្រជាជន ខិតខំដោះស្រាយសំណូមពររបស់ប្រជាជន បន្តជួបសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋនិងសមាជិកបក្ស ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕
ដោយ៖សហការី