ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ចំនួន៨៨នាក់ ទូកម៉ាស៊ីន០៩គ្រឿង ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពបើកបរទូកម៉ាស៊ីន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលរងគ្រោះដោយទឹកជំនន់និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដែលមានទីតាំងហ្វឹកហាត់ តាមដងស្ទឹងកណ្តោល ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ គោលបំណងនៃការហ្វឹកហាត់នេះគឺ ដើម្បីពង្រឹងសមត្ថភាពជំនាញលើការបើកបរទូកម៉ាស៊ីន ដើម្បីត្រៀមអន្តរាគមន៍ ដោះស្រាយរាល់សភាពការណ៍ទឹកជំនន់កើតឡើងជាយថាហេតុប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ(ទឹកជំនន់)និងគ្រោះថ្នាក់ផ្សេងៗ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ស្នងការរង នាយ នាយរង និងពលនគរបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញនូវតួនាទីភារកិច្ចតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
យោងតាមហ្វេសប៊ុកផ្ទាល់របស់លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ក្នុងពេលលោក ដែលអមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ មន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលស្ថានភាពទឹក នៅតាមបណ្តោយអូរព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ បានបង្ហាញថា៖ ស្ថានភាពកម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនមិនទាន់មានការជន់លិចលង់ផលដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និងពុំទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមមាត់អូរព្រំដែន និងតំបន់ទំនាបដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងរាយការណ៍មកអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងករណីមានអាសន្នណាមួយកើតឡើង។ មួយវិញទៀត គឺសុំឲ្យបងប្អូនមានការប្រុងប្រយ័ត្នផងដែរ ចំពោះសត្វអសិរពិសផ្សេងៗ កុំឲ្យទិចឬខាំ៕
ដោយ៖ សហការី