ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនានៅស្រុករំដួល

ចែករំលែក៖

   ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា ព្រោះតែមូលហេតុទំនាស់នៅក្នុងគ្រួសារ។

   ករណីហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចភូមិ អណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល  ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ ថាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាប្អូនថ្លៃជនរងគ្រោះមានទីលំនៅក្នុងភូមិអណ្តូងក្រសាំង ឃុំពងទឹក  ស្រុករំដួល  ខេត្តស្វាយរៀង។

    ចំណែកជនរងគ្រោះមានឈ្មោះពៅ  សារ៉ុន ភេទប្រុស មុខរបរកសិករ អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសមានស្នាមដាច់កំភួនដៃឆ្វេង។

    ប្រភពបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងតាមទូរស័ព្ទពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាលពងទឹកដើម្បីសួរនាំ។          

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានកាប់ទេគ្រាន់តែយកឥដ្ឋការ៉ូមកគប់ជនរងគ្រោះហើយជនរងគ្រោះរើសយកមកអារដៃខ្លួនឯង។

    បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖