ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនិកជនថាស្ថាប័ន Miss Grand Cambodia ឌឺដងឱ្យមហាជនក្រោយរំលឹកបង្ហាញបេក្ខជនកាន់សន្លឹកបៀឡើងលើឆាកតំណាងក្រុងប៉ោយប៉ែត

ចែករំលែក៖

ភ្នំពេញ៖ មិនទាន់បានស្ងាត់ពីការជជែកគ្នាលើឈុតតំណាងក្រុងបាវិត និងក្រុងប៉ោយប៉ែត មិនបានប៉ុន្មានផង ស្រាប់តែគណនីយហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បានបញ្ចេញរូបថតបេក្ខនារីតំណាងក្រុងប៉ោយប៉ែតមួយសន្លឹក។ រូបថតនេះត្រូវបានក្រុមអ្នកលេងបណ្តាញសង្គម និងនិយមតាមដានវិស័យកញ្ញាឯកលើកឡើងថា ជាការឌឺដងទៅកាន់ទស្សនិកជន។ 

  បេក្ខជន យី ស្រីពៅ នាងមានរូបសម្បត្តិស្រស់សោភាគួរឲ្យគយគន់ នាងអាយុ១៩ ឆ្នាំ  កម្ពស់១,៧០ម៉ែត្រ មានការងារជាអ្នកបកប្រែឲ្យគ្លីនិកមួយកន្លែង។ នាងបានចូលដល់វគ្គ១៥នាក់ចុងក្រោយនៃកម្មវិធីប្រកួតខាងលើគេរំពឹងថាបេក្ខជនវ័យក្មេងរូបនេះនឹងលេចវត្តមានប្រកួតនៅលើឆាកកញ្ញាឯកបន្តទៀតនៅឆ្នាំបន្ទាប់។ គណនីយហ្វេសប៊ុកផ្លូវការរបស់កម្មវិធី Miss Grand Cambodia បានរំលឹកបង្ហាញមុខមបេក្ខជន យី ស្រីពៅ ដែលគេចាំបានថានឹងគឺជាបេក្ខជន តំណាងក្រុងប៉ោយប៉ែត នោះ។ អ្វីដែលគេចាំមិនភ្លេចនោះគឺបេក្ខជនរូបនេះបានស្លៀកឈុតនារីបម្រើការងារនៅកាស៊ីណូ កាន់សន្លឹកបៀ ដើរបង្អួតកាច់រាងនៅលើឆាកប្រកួត Miss Grand Cambodia2022 នៅចំពីមុខរូបប្រាងប្រាសាទអង្គរវត្ត នាថ្ងៃប្រកួតឈុតតំណាងជាតិកាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២។ អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញសារមិនពេញចិត្តនិងបានចាត់ទុកការបញ្ចេញរូបថតមួយសន្លឹករបស់បេក្ខជនខាងលើថាជាឌឺដងទៅកាន់ទស្សនិកជន ខណៈដែលគេហទំព័រស្ថាប័នផ្លូវការមួយនេះបានភ្ជាប់ជាមួយរូបថតនេះនូវខ្លឹមសារថា”នៅចាំគាត់បានទេ តើ Miss Grand Cambodiaតំណាងឲ្យក្រុងមួយណា?”

  ទស្សនិកជនជាច្រើនដែលបានឃើញការបញ្ចេញរូបថតនឹងសារបានទប់អារម្មណ៍មិនជាប់បានបញ្ចេញសារស៊កសៀតសកត្រឡប់ទៅវិញជាហូរហែ ដែលភាគច្រើនពួកគេបានស្តីបន្ទោសទៅកាន់ស្ថាប័នកញ្ញាឯកនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបញ្ចេញរូបថត ឬសារណាមួយ ហើយពួកគេភាគច្រើនចាត់ទុកថាជាការឌឺដងទៅកាន់ទស្សនិកជន ដែលអ្នកលេងបណ្តាញសង្គមម្នាក់លើកឡើងថា បញ្ហា ដូចបញ្ចប់ហើយមហាជនភាគច្រើនក៏បានភ្លេចបណ្តើរៗរួចហើយ ប៉ុន្តែ អេដមីន មានគោលបំណងអ្វី?  ស្របគ្នានេះគេហទំព័របុរាណណាចារ្យ ដែលជាគេហទំព័រវប្បធម៌និយមដ៏ល្បីមួយបានសក ត្រឡប់ទៅវិញដោយការបញ្ចេញយោបល់លើការយករូបថតសេចក្តីបំភ្លឺរបស់ផលិតកម្មមហាហង្ស ដែលបានសុំទោសមហាជនរឿងយកឈុតល្បែងអាប៉ោង និងបៀឡើងឆាកប្រកួតដោយគេហទំព័រនេះដាក់សំណេរដោយខ្លីថា”នៅចាំលិខិតនេះបានទេ។ 

    គួរបញ្ជាក់ដែរថាឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិតដែលត្រូវបានអ្នករៀបចំកម្មវិធីឲ្យយកមកចូលរួមប្រកួត ហើយរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ រហូតប្រមុសរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដាក់បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ធ្វើការត្រួតពិនិត្យ ហើយត្រូវបានក្រសួង៣គឺទាំងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បើកកិច្ចប្រជុំបន្ទាន់មួយជុំវិញបញ្ហាខាងលើនេះ ហើយមុននេះក៏លេចចេញការរិះគន់លើការសម្រេចចិត្តយកឈុតតំណាងខេត្តមណ្ឌលគិរីធ្វើជាឈុតតំណាងជាតិសម្រាប់កញ្ញាឯកម្ចាស់មកុដ ពេជ្រ វត្តីសារ៉ាវឌីចេញទៅប្រកួតនៅលើឆាកអន្តរជាតិនោះ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖