ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបានធ្វើដំណើរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបារាស់ដែកដាក់បាំងខណ្ឌចែកទ្រូងផ្លូវដើម្បីស្ថាបនាផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួនពីរកង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ខាងត្បូងវត្តចាក់អង្រែលើដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRange Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AZ-3006 បើកបរតាមបណ្តោយផ្លូវជាតិលេខ២ពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបុកបារាស់ដែកដាក់បាំងចំណែកផ្លូវមួយចំហៀង ដោយឱ្យធ្វើចរាចរណ៍ផ្លូវមួយចំហៀងទៀត ដើម្បីស្ថាបនាផ្លូវ បណ្ដាលឱ្យដួលរបាត់រប៉ាយ រួចរថយន្តដដែលនេះបន្តទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ចំនួនពីរកង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ ខណៈនោះគេសង្កេតឃើញមានអ្នកមកដោះស្លាកលេខរថយន្តបង្កយកទៅលាក់ទុកបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ