ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តសារាវ័ន្តតេជោ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២​ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តសារាវ័ន្តតេជោ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ក្នុងពិធីកាន់បិណ្ឌវេនទី១នេះ លោកបណ្ឌិត អ៉ិត សំហេង ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសារាវ័ន្តតេជោ ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ ស្លាដក១ និងបច្ច័យមួយចំនួន និងសំរាប់វត្ត មានភេសជ្ជៈនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាលោកយាយជីតាជីផងដែរ។

បន្ទាប់មក លោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមអោយមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី ឲ្យបានខ្ជាប់ខ្ជួន ៕

ដោយ ៖ សិលា


ចែករំលែក៖