ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំនគរបាលទូទាំងប្រទេស យកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនពលរដ្ឋ និងអប់រំច្បាប់ចរាចរណ៍ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជំនួសឲ្យការផាកពិន័យ! តែយ៉ាងណាក៏ដោយ សូមបងប្អូនយើងនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យមានការទទួលខុសត្រូវខ្ពស់ ពេលធ្វើដំណើរតាមដងផ្លូវ ទាំងទៅស្រុកកំណើត និងទៅទីវត្តអារាម! និងអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ។
សូមបញ្ជាក់ថា, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហ៊ុនសែន សូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ។
សូមជម្រាបថា, ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃអាទិត្យនេះ ភាគច្រើនបានចាកចេញពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះទៅកាន់ទីវត្តនានាក្នុងតំបន់ប្រជុំជនឬជាយរាជធានី ខេត្ត ដើម្បីយកចង្ហាន់និងគ្រឿងសក្ការៈមួយចំនួនទៅប្រគេនព្រះសង្ឃឬរាប់បាតក្នុងពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ ដែលជាថ្ងៃដំបូង ។
យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ បានសរសេរថា ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
បើតាមសម្ដេចតេជោ ហ៊ុន សែន « សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ » ៕
ដោយ ៖ សិលា