អ៊ុយក្រែនកំពុងពិចារណាផ្តល់ជំនួយបន្ទាន់ដល់ប្រទេសប៉ូឡូញ នៅធ្យូងសម្រាប់ដុតកម្តៅនៅរដូវរងារ ខាងមុខនេះ ដើម្បីជួយដល់ប្រទេសជិតខាងឆ្លងផុតរដូវរងារយ៉ាងសុខសាន្ត។
ប្រធានាធិបតីអ៊ុយក្រែន ក៏បានជំរុញឲ្យបង្កើនខ្សែភ្លើងចេញពីរោងចក្រអគ្គិសនីបរមាណូ Khmelnytskyi របស់អ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយដល់ប្រទេសនេះទប់ទល់នឹងរដូវរងារខាងមុខ ។
ក្នុងពេលនេះដែរ សហភាពអឺរ៉ុប នៅថ្ងៃទី១១ ខែកញ្ញានេះ នឹងធ្វើការបោះឆ្នោតមួយលើការសម្រេចចិត្តថាតើត្រូវហាមឃាត់ការកាប់ឈើយកមកធ្វើអុស ឬប្រើជាថាមពល ដែរឬក៏យ៉ាងណា ខណៈពលរដ្ឋប្រទេសខ្លះនៅអឺរ៉ុបកំពុងងាកទៅរកការកាប់ព្រៃយកមកធ្វើអុស ប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។
នៅមុនការបោះឆ្នោតមកដល់ ប្រទេសអឺរ៉ុបមួយចំនួន ដែលកំពុងប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរក្នុងតំបន់អឺរ៉ុបខាងជើង និងអឺរ៉ុបកណ្ដាលបានជំទាស់នឹង សំណើពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យកាប់ឈើយកធ្វើជាអុស ឬប្រើប្រាស់ជាថាមពល ប្រឈមមុខនឹងរដូវរងាកាន់តែខិតជិតចូលមកដល់នៅប៉ុន្មានខែខាងមុខនេះ។
ក្រុមអ្នកការពារបរិស្ថានបានរិះគន់យ៉ាងខ្លាំងលើសំណើរបស់សហភាពអឺរ៉ុបខាងលើ ដោយពួកគេយល់ថាការដុតឈើ ឬអុស អាចនឹងបង្កគ្រោះថ្នាក់ ដល់បរិស្ថានជាងចំហេះឥន្ធនៈផូស៊ីលទៅទៀត ៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS
រូបថត ៖ Getty Images