ភ្នំពេញ៖ មិនទាន់ស្ងាត់បាត់ពីការជជែកគ្នានៅឡើយទេជុំវិញបញ្ហាប្រទាំងប្រទើសអំពីការគ្រោងយកឈុតគោព្រៃ ធ្វើជាឈុតតំណាងជាតិសម្រាប់ការចេញទៅប្រកួតលើឆាកអន្តរជាតិ។ បញ្ហានេះបានធ្វើឱ្យកញ្ញា ចៅសុខុម លីម៉ី អតីតMiss Grand តំណាងខេត្តមណ្ឌលគិរីចេញបកស្រាយរហូតប្រពន្ធលោកស៊ុក សុភា និងហេង នរៈកក្កដា ចេញមុខដាក់ចំៗតែម្តង។
ការចេញមុខរិះគន់បានធ្វើឡើងបន្ទាប់ពីការបញ្ចេញយោបល់របស់កញ្ញាឯកខាងលើដែលបានលើកឡើងពីគុណសម្បត្តិរបស់ឈុតគោព្រៃនោះ។ ការរិះគន់មិនមែនលើការបញ្ចេញយោបល់តែមួយមុខឡើយ សំខាន់ជាងនេះគឺការប្រើប្រាស់ពាក្យសម្តីហាក់មិនទាន់បានសមស្របត្រឹមត្រូវក្នុងនាមជាបេក្ខជនកញ្ញាឯកម្នាក់ដែលគួរប្រើប្រាស់ការនិយាយស្តីឱ្យបានសមរម្យ និងមានហេតុផលជ្រៅជ្រះច្បាស់ជាងនេះ។ អ្នកនាងលុយ សារីណាបានសរសេរថា៖ បើសិនជាប្អូនចង់ពន្យល់អាចពន្យល់ដោយភាពថ្លៃថ្នូរ នឹងស័ក្តិសមជាបវរកញ្ញាតំណាងឱ្យជាតិ។ តែសម្ដីនិងកាយវិការនេះ បើអ្នកឱ្យពិន្ទុបានឃើញ មិនដឹងថាគេគិតបែបណា? មានអារម្មណ៍បែបណា? សំខាន់ការស្លៀកពាក់នៅពេលនេះទៀត ហុឺមមម ពុទ្ធោ!!! បើអញ្ចឹងឱ្យតែបានដើរល្អលើឆាក ដឹងតែបានជាប់ឬ? ហើយបើការយល់ដឹងសូន្យអញ្ចឹង ប្អូនចង់ឱ្យក្លាយទៅជាមនុស្សតំណាងឱ្យជាតិ? ឃើញខុសមិនសមរម្យហើយនិយាយថាកុំខ្វល់? អ្នកណាហ្នឹងជាអ្នកបោះឆ្នោតឱ្យ សួរដូចឆោត?
ការលើកឡើងជាមតិនេះក៏ស្របគ្នានឹងការបញ្ចេញមតិរបស់ទស្ស្ននិកជនជាច្រើនផងដែរ ដែលក្រោយពីមានការដកស្រង់សំណេរខ្លឹមសារទៅកាន់កញ្ញាឯកតំណាងខេត្តមណ្ឌលគិរី បានផ្សព្វផ្សាយលើសារព័ត៌មាននោះស្រាប់តែតារាសម្តែង លោក ហេង នរៈកក្កដា បានចែករំលែក អមដោយខ្លឹមសារសំណេរចាក់ដោតថា៖និយាយតាមត្រង់ប្រលងកម្មវិធីអ្វីមួយ គួរតែរកអ្នកណាមានចំណេះដឹង សីលធម៌រៀនបានខ្ពស់ រៀននិយាយភាសាបែបអ្នកចេះអ្នកដឹង ជាពិសេសគឺរូបសម្រស់សមរម្យខ្លះផងទៅ ប្អូននេះមិនទាន់បានល្បីផងប៉ុននេះហើយ ទម្រាំបានល្បីទៀតជាន់ក្បាលគេឯងអស់ហេីយ ។
ទោះជាយ៉ាងណា នៅមានមតិរិះគន់ និងស្នើឱ្យមានការផ្លាស់ប្តូរឈុតគោព្រៃនេះជំនួសមកវិញនូវឈុតប្រណីតមួយចំនួនបើទោះបីជាគេដឹងហើយក៏ដោយថាឈុតនេះត្រូវច្នៃបន្ថែមនោះក៏ដោយ ខណៈដែលរឿងនេះកំពុងផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ហើយគេនៅបន្តរង់ចាំតាមដានទៀតថា តើករណីនេះស្ថាប័នMiss Grand Cambodia នឹងសម្រេចចិត្តបែបណា៕
ដោយ ៖ វឌ្ឍនា