ប្រធានាធិបតីឥណ្ឌូនេសុីលោកចូកូ វីដូដូ បានបញ្ចាក់ថា រដ្ឋាភិបាល មានតួនាទីស្វែងរកប្រភពផ្គត់ផ្គង់បន្ថែមទៀតដើម្បីបំពេញតម្រូវការថាមពលសម្រាប់ពលរដ្ឋប្រើប្រាស់។
សារព័ត៌មាន Financial Times នៅថ្ងៃទី១២ខែកញ្ញា បានផ្សាយថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូ វីដូដូ បានបញ្ជាក់ថា អាចនឹងទិញប្រេងពីរុស្ស៊ីដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋ ខណៈដែលតម្លៃប្រេងកំពូងតែកើនឡើងខ្ពស់។
នៅពេលត្រូវបាន Financial Times សួរនាំថា តើឥណ្ឌូនេស៉ីនឹងទិញប្រេងរុស្ស៉ីដែរឬទេនោះ លោក Widodo បានឆ្លើយតបដូច្នេះថា «យើងតែងតែតាមដានរាល់ជម្រើសទាំងអស់។ ប្រសិនបើមានប្រទេសដែលផ្តល់ជម្រើសតម្លៃយ៉ាងប្រសើរ ពិតណាស់វាគឺជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងការស្វែងរកប្រភពផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការថាមពលសម្រាប់ប្រជាជនរបស់ខ្លួន»។
យោងតាមការលើកឡើងរបស់កាសែត Financial Times បានបញ្ជាក់ថា ប្រសិនបើឥណ្ឌូនេស៉ី ពិតជានឹងចូលរួមជាមួយប្រទេសធំៗពីរផ្សេងទៀត គឺឥណ្ឌានិងចិនដែលបាននិងកំពុងបង្កើនការទិញប្រេងខ្លាំងពីរុស្ស៉ី ដោយសារតែការបញ្ចុះតម្លៃ នោះវាច្បាស់ជានឹងជួយដល់រុស្ស៉ីក្នុងការកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីការនាំចេញប្រេងថយចុះទៅកាន់តំបន់អឺរ៉ុប។
កន្លងទៅ សារព័ត៌មាន Bloomberg ធ្លាប់បានរាយការណ៍ថា អាស៉ីនឹងវ៉ាដាច់អឺរ៉ុប ក្លាយជាតំបន់ដែលទិញប្រេងពីរុស្ស៉ីច្រើនបំផុតជាលើកដំបូងកាលពីខែមេសា ឆ្នាំនេះ ខណៈដែលប្រទេសអឺរ៉ុបជាច្រើនបាននាំគ្នាបន្ថយការនាំចូលថាមពលរបស់រុស្ស៉ី។ គម្លាតនោះក៏កាន់តែធំឡើងថែមទៀតនៅខែឧសភា ស្របពេលដែលឥណ្ឌានិងចិនគឺជាអតិថិជនទិញប្រេងដ៏ធំបំផុតរបស់ប្រទេសរុស្ស៉ី៕ ដោយ៖ ធីរីណា
រូបថត ៖ EFE
រូបថត៖ TTXVN