ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវនៅគល់ស្ពានអាកាសស្ទឹងមានជ័យ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​  ៖ បុរសម្នាក់បើករថយន្តបែនដឹកដីចុះពីលើស្ពានអាកាសស្ទឹងមានជ័យ រួចចាប់ហ្រ្វ័ងមិនសុីក៏ជ្រុលចង្កូតបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់មួយដើមរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង ៣០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​  មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដី ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ចុះពីលើស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងឡើងលើខឿនជ្រុលទៅបុកបង្កោលភ្លើងបាក់អស់មួយដើមហើយអ្នកបើកបររងរបួសស្រាល។

   បើតាមសម្ដីបុរសជាអ្នកបើកបររថយន្តបង្កបានប្រាប់ថារូបគាត់បានបើករថយន្តខាងលេីតាមផ្លូវ២៧១​ ឡើងលើស្ពានអាកាសក៏បានចុះមកវិញ  ពេលដែលចុះនោះគាត់ចាប់ហ្រ្វ័ងរថយន្តមិនស៊ីហើយបុកលេខមិនចូល​ គាត់ខ្លាចរថយន្តទៅប៉ះពាល់ដល់អ្នកធ្វើដំណើរនៅខាងមុខ​  ក៏បានសម្រេចចិត្តបួងចង្កូតមកខាងឆ្វេងឡើងលើខឿងហើយ​រថយន្តជ្រុលទៅបុកបង្គោលភ្លេីងបាក់អស់មួយដេីម​ ទៅមុខលែងរួច។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្ក និងអ្នកបើកបរទៅធ្វើការដោះស្រាយតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖