ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២ក្រុមវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យរបួសរៀងៗខ្លួនក្រោយពីទាស់ពាក្យសម្តីគ្នា

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស២ក្រុមបានទាស់ ពាក្យសម្តីគ្នារហូតបង្កជាហិង្សាវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យរបួសរៀងៗខ្លួន ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់។

    ករណីហិង្សាដោយចេតនាទៅវិញទៅមកនេះបានកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យចំនួន២ក្រុមនោះគឺជនសង្ស័យក្រុមទី១មានចំនួន២នាក់:

១-ឈ្មោះ កង វណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាមន្ត្រីរាជការ បានរងរបួសចង្អុលដៃខាងធ្វេង(ឃាត់ខ្លួន), ២-ឈ្មោះសេង ថន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់កង់បី បានរងរបួសផ្ទៃមុខខាងធ្វេង(ឃាត់ខ្លួន)។ 

    ចំណែកជនសង្ស័យក្រុមទី២មានគ្នា ចំនួន៣នាក់: ១-ឈ្មោះ សែម ចន្នី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ របួសបែកច្រមុះហូរឈាម(ឃាត់ខ្លួន), ២-ឈ្មោះ ម៉េង ចន្ថា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ រងរបួសផ្ទៃមុខហូរឈាម(ឃាត់ខ្លួន) និងទី៣-ឈ្មោះ នី ស្រីណុច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(ឃាត់ខ្លួន)។

ប្រភពដដែលបន្តថា នៅវេលាកេីតហេតុខាងលេី ឈ្មោះ សេង ថន បានប្រាប់ឈ្មោះ សែម ចន្នី ឱ្យយកឡានចេញពីទីស្នាកការភូមិ ដោយមិនអនុញ្ញាតឱ្យដាក់ទៀតទេ  ហើយឈ្មោះ សែម ចន្នី ក៏និយាយថា ចុះឡានរបស់ឈ្មោះ កង វណ្ណា ម្តេចក៏មិនយកចេញផង? ភា្លមនោះស្រាប់តែឈ្មោះ កង វណ្ណា បានមកយកឡានចេញដែរ រួចក៏ប៉ះពាក្យសម្តីគ្នាទៅវិញទៅមករហូតដល់មានការប្រេីហិង្សាវាយតប់គ្នាទៅវិញទៅមក ក៏ឈ្មោះសេង ថន ចូលឃាត់ក៏ត្រូវរងរបួសស្រាល និងភាគីទាំងសងខាងក៏ត្រូវរបួសរៀងៗខ្លួន។  ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២ក្រុមយកមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖