ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាលោក​ ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ​ ក៏សម្តេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រី នាពេលអនាគតដែរ ពីព្រោះថា លោក​ ហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវ សមនឹងធ្វើតួនាទីនេះ និងសមជាអ្នកដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

-​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ ណែនាំ​ឱ្យ​កងទ័ព​ជួយ​ដឹក​ជញ្ជូន​សម្ភារប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅភូមិ​ធម្មជាតិ​រុនតាឯក។ 

-សម្តេចតេជោ ហ៊ុន សែន បានថ្លែង​ជឿរជាក់ថា​ បេីអត់ពីសម្ដេច​ គ្មានអ្នក​គណបក្សនយោបាយ​ណា​ដឹកនាំ​ប្រទេស​ ក្រៅពី​គណបក្សប្រជាជនកម្ពុជា​នោះឡើយ​

-សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ណាស់​ រួមទាំងនៅប្រទេស​អាល្លឺម៉ង់​ផង​ ត្រូវបានដកចេញពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ព្រោះតែបាត់បង់លក្ខណៈសម្បត្តិកំណត់​ដោយ​អង្គការ​យូណេស្កូ​

-សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ តំបន់រមណីយដ្ឋានអង្គរ​ ពេលដាក់ចូកក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នៅឆ្នាំ​១៩៩២ហើយ​នោះ​ ត្រូវ​បានអនុវត្តតាមលក្ខ​ន្តិកៈ​ ទាំងឡាយ​កំណត់ដោយ​អង្គការ​យូណេស្កូ​

-សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ អរគុណ​ប្រជាពលរដ្ឋ​ដែល​ព្រម​រុះរើ​ចេញ​ពីតំបន់​រមណីយដ្ឋានអង្គរ​ និង​អរគុណ​លោកឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ សម្រាប់ការដឹកនាំ​ក្រុមការងារ​ចុះរុះរេីសំណង់។ 

-សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ ព្រះបរមរតនកោដ្ឋ​ នរោត្តម​សីហនុ​ បានយក​ព្រះទ័យ​ទុក​ដាក់​ខ្លាំង​ណាស់​លេីតំបន់​រមណីយដ្ឋានអង្គរ​ ។ 

-សម្តេចតេជោ ហ៊ុន សែន​ បាថ្លែង​រម្លឹកថា​ ព្រះបរមរតនកោដ្ឋ​ បានផ្ដួចផ្ដេីម​ព្រះបញ្ញាញាណដោយផ្ទាល់ក្នុងការ​ស្នេីដាក់​តំបន់រមណីយដ្ឋានអង្គរ​ ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ហេីយ​សម្ដេច​បានបង្ហាញ​ការគាំទ្រ​ទាំងស្រុង​។ 

-សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋាន ថ្មីនៅតំបន់រុនតាឯក ក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមក។ 

-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងពលទទួលទិសសៀមរាប ទទួលបន្ទុកដឹកប្រជាពលរដ្ឋចេញពីតំបន់រុះរើ ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់ មកទីតាំងថ្មីនៅតំបន់រុនតាឯក ដោយយកតែប្រជាពលរដ្ឋណា ដែលមានក្បាលដីដែលឈូសឆាយរួចតែប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់សាង់លំនៅឋាន និងដាំដុះ។

សូមជម្រាបថា​ ប្រសាសន៍សំខាន់ៗ​ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីឡេីងនៅព្រឹកថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ​​ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប​​ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

ដោយ​៖ស​ តារា​


ចែករំលែក៖