ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ជួយប្រមូលផលស្រូវ ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលផលស្រូវប៉ះពាល់ដោយជំនន់ទឹកភ្លៀងកងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរលេខ៥១  បានចាត់តាំងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សារ៉ុម  មេបញ្ជាការ វរសេនាតូចលេខ៥១៣  ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

សូមបញ្ជាក់ថា ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១នោះទេ អង្គភាពតែងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផ្សាភ្ជាប់រវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅជុំវិញភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ជាក់ស្តែងនៅថ្ងៃនេះដែរ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានជួយប្រមូលផលស្រូវប្រជាពលរដ្ឋសម្រេចលទ្ធផលលើទំហំដី ចំនួន ១,៥ ហិកតា ប្រជាពលរដ្ឋមានការសប្បាយរីករាយ ត្រេកអរ និងអរគុណដល់កងកម្លាំងទាំងអស់  ដែលបានចុះជួយទាន់ពេលវេលា។ 

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់  ពិសេសលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលៈទេសៈ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសូមគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត៕

ដោយ ៖ វណ្ណា


ចែករំលែក៖