ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីគាត់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅកាលពីវេលាម៉ោង៦និង៥៣នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ គល់ស្ពានអាកាសចោមចៅខាងត្បូង​ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូហុងដាC100​ ពណ៌ក្រហម​ ពាក់ស្លាកលេខព្រះសីហនុ​1A-3044 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជេីងយ៉ាងលឿន ហើយខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹងបោកខ្ទប់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី២៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖