ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ នៅថ្ងៃសៅរ៍-អាទិត្យ ទី២៩-៣០ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀតនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
លើកឡើងនាឱកាសនោះ លោក ម៉ែន វិបុល បានថ្លែងថា ដើម្បីរៀបចំពិធីប្រណាំងទូកនេះ ឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូន ប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការផងដែរ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿន លើការងារ ទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលាផងដែរ ៕
ដោយ៖ សុថាន