ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ រាត្រី បញ្ជាក់ថាមកដល់ពេលនេះខេត្តបន្ទាយមានជ័យមិនមានជំនន់ទឹកភ្លៀងនៅឡើយទេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា បើទោះបីមាន​ភ្លៀង​បន្ត​ធ្លាក់ជារៀងរាល់ថ្ងៃ ​ប៉ុន្តែខេត្តបន្ទាយមានជ័យ មិនមានការប្រឈម​នឹងជំនន់ទឹកភ្លៀង​នៅឡើយទេ។ អាជ្ញាធរព្រួយ បារម្ភខ្លាចជំនន់ទឹកភ្លៀងធ្លាក់មកពីប្រទេសថៃដែលអាចធ្វើឲ្យជន់លិចដល់ភាគខ្លះនៅខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងសហការីកងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យ​ស្ថានភាពទឹកជំនន់​ដែលធ្លាក់មកពីប៉ែកខាងលិចនៃឃុំសឿ​ ស្ថិតក្នុងភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី។

លោកអភិបាលខេត្តបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ​ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ​ពុំទាន់មានគ្រោះ​ទឹក ជំនន់​កើតឡើងនោះទេ ​មាន​តែ​ស្ថានភាពទឹកហូរពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹង ដែលបានធ្វើ ឱ្យស្ថានភាពមានការកើនឡើង ​កន្លែងខ្លះមានការជន់លិចផ្លូវ និង​ហូរកាត់ផ្លូវត្រង់ទីតាំងមុខ​ទឹកនៅតំបន់ទំនាបតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះលោកអភិបាលខេត្តបានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ​និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និង​រាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថាន​ភាព​ទឹកក្នុង​ករណីមានការហក់ឡើង​ខ្លាំង​ជាការព្រួយបារម្ភណាមួយ៕

ដោយ៖ សូរិយា


ចែករំលែក៖