ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងផែនការ បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូZoom លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិលើកទី៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាស្ថិតិ ដែលជាតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល និងមានការចូលរួមពីតំណាងកម្មវិធីស្បៀងអាហារពិភពលោក World Food Program អញ្ជើញចូលរួមផងដែរ។
ជាគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សា ក៏ដូចជាទទួលបានអនុសាសន៍ទាំងឡាយ ដើម្បីធ្វើការអនុវត្តយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ (NSDS) សម្រាប់ជំហ៊ានបន្តបន្ទាប់នាពេលអនាគត ក្នុងការឆ្លើយតបតម្រូវការគម្រោងផែនការស្ថិតិនានា និងតម្រូវការហិរញ្ញវត្ថុដែលត្រូវការ ព្រមទាំងការអភិវឌ្ឍសមត្ថភាពស្ថិតិ នៅក្នុងប្រព័ន្ធស្ថិតិជាតិទាំងមូលប្រកបដោយប្រសិទ្ធភាព និងភាពសក្តិសិទ្ធិខ្ពស់។
ច្បាប់ស្តីពីស្ថិតិ បានផ្តល់ដល់វិទ្យាស្ថានជាតិស្ថិតិ នូវគោលការណ៍ច្បាប់ជាមូលដ្ឋានសម្រាប់ដំណើរការសកម្មភាពរបស់ខ្លួន និងបានផ្តល់នូវតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍស្ថិតិផ្លូវការ និងប្រព័ន្ធស្ថិតិជាតិ ព្រមទាំងបានផ្តល់ផងដែរ ដល់វិទ្យាស្ថានជាតិស្ថិតិ នូវសិទ្ធិអំណាចក្នុងការសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដូចក្នុងមាត្រា១៤ នៃច្បាប់ស្តីពីស្ថិតិ ដែលបានចែងថា “វិទ្យាស្ថានជាតិស្ថិតិស្ថិតក្រោមឱវាទក្រសួងផែនការ មានភារកិច្ចកសាងគោលនយោបាយស្ថិតិផ្លូវការ ក្នុងការបង្កើតប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយ ដែលគ្របដណ្តប់ស្ថិតិផ្លូវការដែលបានចាត់ទាំងអស់ និងអង្គភាពស្ថិតិក្រសួង ស្ថាប័ន។ ដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការដែលបានចាត់តាំង ត្រូវកំណត់ដោយអនុក្រឹត្យ”។
សូមជ្រាបផងដែរថា កន្លងមកទោះបីកម្ពុជា ស្ថិតក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សម្រេចបាននូវការងារធំៗដូចជា៖ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩, ការចុះបញ្ជីអង្គភាពសេដ្ឋកិច្ច និងការគូរផែនទីសម្រាប់ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២, អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១ ដែលសហការជាមួយក្រសួងសុខាភិបាល, អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១, អង្កេតកសិកម្មប្រចាំឆ្នាំ២០២១ ដែលសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្មីៗនេះគឺបានបញ្ចប់ការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ព្រមទាំងការងារចងក្រងទិន្នន័យផ្សេងៗទៀតរួមមាន គណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ សន្ទស្សន៍អ្នកផលិត ការប្រមូលទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិ និងការងារអង្កេតភពផែនដីជាដើម ព្រមទាំងការប្រមូលទិន្នន័យរដ្ឋបាលសម្រាប់ការចងក្រងទិន្នន័យផ្សេងៗ ៕
ដោយ : សហការី