ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងអំពាវនាវឱ្យលុបចោលសណ្តាប់ធ្នាប់សេដ្ឋកិច្ច«ហួសសម័យ»របស់អាមេរិកនិងលោកខាងលិច

ចែករំលែក៖

ក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃទី១២ខែកញ្ញាថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសកំពុងតែអភិវឌ្ឍន៍ នឹងលុបចោលទម្រង់ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ហួសសម័យ មិនមានតម្លាភាពដែលអាមេរិកនិងលោកខាងលិចដាក់ចេញ។ មេដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រជាជាតិនៅប៉ូលខាងត្បូងផែនដី។
នៅក្នុងសេចក្តីប្រកាសជាភាសាអង់គ្លេស ក្រសួងការបរទេសកូរ៉េខាងជើងបានបង្ហោះថា
«កន្លងមក កំណើនសេដ្ឋកិច្ចសង្គមរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានរារាំងដោយសន្តិសុខសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិដែលបង្កើតឡើងដោយអាមេរិកនិងលោកខាងលិច ក្នុងគោលដៅបម្រើផលប្រយោជន៍របស់ពួកគេ។ នៅពេលនេះយើងចាំបាច់ត្រូវតែ លុបចោលសណ្តាប់ធ្នាប់ហួសសម័យនិងមិនមានតម្លាភាពទាំងនោះ ។ ទន្ទឹមនឹងនោះក៏ត្រូវលុបចោលរបបនយោបាយ សេដ្ឋកិច្ចអភិគមរបស់អាមេរិកនិងលោកខាងលិច»។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «ប្រទេសកូរ៉េខាងជើងរបស់យើងក្នុងអតីតកាលក៏ដូចជាអនាគតនឹងត្រូវខិតខំឱ្យអស់ពីសមត្ថភាពក្នុងការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងតែអភិវឌ្ឍន៍នៅជុំវិញពិភពលោក»។
អាមេរិក និងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កូរ៉េខាងជើង ធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ពលរដ្ឋជាច្រើនប្រឈមនឹងកង្វះស្បៀងអាហារ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ KCNA


ចែករំលែក៖