ខេត្តបាត់ដំបង ៖ នគរបាលស្រុកបវេលបានបញ្ជាក់ថា នៅថ្ងៃអង្គារ៣ រោច ខែ ភទ្របទ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២ ថា, មានករណី មនុស្សស្លាប់(លង់ទឹក) នៅវេលាម៉ោង ០៩៖៥០នាទីព្រឹកនេះ។
សមត្ថកិច្ចបានបញ្ជាក់ថា, ករណីនេះកើតហេតុ នៅចំណុចប្រឡាយបឹងក្រឡ ក្រុមទី១៣ ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
សពជនរងគ្រោះឈ្មោះ ម៉ន ណេន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ- ឃុំខាងលើ ។
សមត្ថកិច្ចបានបញ្ជាក់បន្តថា, ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ ជៀប ចាំ ភេទស្រី អាយុ៦៨ ឆ្នាំ មុខរបរធ្វើស្រែត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានបំភ្លឺថា÷ កាលពីថ្ងៃទី ១២/០៩/២០២២ ប្តីរបស់ខ្លួនបានផឹកស្រាស្រវឹងរហូតដល់យប់ជ្រៅ ។លុះព្រឹកឡើងថ្ងៃទី១៣/០៩/២០២២ វេលាម៉ោង ០៨និង៣០ នាទី ប្តីរបស់ខ្លួនឈ្មោះ ម៉ន ណេន មិនទាន់ស្វាងស្រាទេ ហើយបានបបួលខ្លួនទៅលើកទ្រូ នៅចំណុចប្រឡាយបឹងក្រឡ ចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ប៉ុន្តែដោយខ្លួនឈឺជើងដើរទៅមិនទាន់គាត់ ហើយដើរតាមក្រោយ ពេលខ្លួនទៅដល់កន្លែងដាក់ទ្រូ ក៏បានលឺសំឡេងក្តុងៗ ហើយខ្លួនបានស្រែកហៅ តាណេនៗ តែមិនឃើញ ខណៈនោះខ្លួនបានស្រែកហៅបងប្អូនឱ្យជួយរក តែទឹកជ្រៅហូរខ្លាំង ពេលនោះប្អូន យ៉ាន់ , ប្អូនជិន ,ប្អូនធី បានចុះមុជរាវរក បានប្រហែល២០នាទី ទើបរកឃើញ ហើយស្រង់យកមកធ្វើចលនាដង្ហើម ប៉ុន្តែគាត់បានស្លាប់បាត់ហើយ។
សមត្ថកិច្ចបន្តថា, ឆ្លងតាមការបំភ្លឺឈ្មោះ មូល យ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុមទី១៣ ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានបំភ្លឺថា÷ នៅថ្ងៃទី ១៣/០៩/២០២២ វេលាម៉ោងប្រហែល ០៩និង១០នាទី ខ្លួនបានលឺសំឡេងយាយចាំស្រែកថាជួយរកតាណេនផង ហើយខ្លួនក៏បានទៅជួយមុជទឹករាវរកតាណេន នៅចំណុចដាក់ទ្រូ បានប្រហែលជា២០នាទីទើបរកឃើញ ហើយស្រង់យកមកធ្វើចលនាដង្ហើមប៉ុន្តែគាត់បានស្លាប់បាត់ហើយ ។
តាមការសន្និដ្ឋានសមត្ថកិច្ចបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារលង់ទឹកប្រឡាយពិតប្រាកដមែន។
និយាយរួមមូលហេតុ ជនរងគ្រោះស្រវឹងស្រាមិនទាន់ស្វាងចុះឆ្លងប្រឡាយលើកទ្រូហើយចាប់មែកឈើ បណ្តាលឱ្យបាក់មែកឈើធ្លាក់ទឹកប្រឡាយ ម្យ៉ាងវិញទៀតជនរងគ្រោះមិនចេះហែលទឹក ។
ក្រោយពីគ្រូពេទ្យ និង ផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សហការី