ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាខណៈយកមែកអាកាស្យាវាយទៅលើជនរងគ្រោះចំក្បាលបណ្ដាលឱ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២នៅចំណុចភូមិព្រៃទទឹងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលឱ្យដឹងថាជនសង្ស័យមានឈ្មោះម៉ន សៅ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រនិងឈ្មោះធី សុអែម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ អ្នកទាំងពីរមានទីលំនៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប។

ចំណែកជនរងគ្រោះមានឈ្មោះ សឹង សិតពិសាល អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត  ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅវត្តសាមគ្គីរតនៈមុន្នី ហៅ វត្តពោធិ៍ថ្មី។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុជនសង្ស័យទាំង២នាក់បានជិះម៉ូតូមួយគ្រឿងចេញពីធ្វើការងាររោងចក្រត្រឡប់មកផ្ទះខណៈនោះមេឃភ្លៀងធ្លាក់ខ្លាំងក៏ជិះចូលក្នុងវត្តដើម្បីជ្រកភ្លៀង។

ក្រោយមកក៏បានជួបជនរងគ្រោះហើយក៏សម្លឹងមើលមុខគ្នានិយាយឌឺដងដាក់គ្នា កើតជាជម្លោះដោយជនសង្ស័យបានរួមគ្នាយកមែកដើមអាកាស្យាវាយទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងឆ្វេងឈៀងខាងលើបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកជនរងគ្រោះត្រូវបានដឹកមកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។

ចំណែកជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖