ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ផេកកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា, នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោក ស៊ឺស៊ឺមឹ តៃ (SUSUMU TAI) កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងជាស្ថាបនិកអង្គការ Cambodia Future Dream ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជា ក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង សម្រាប់បំពេញឱ្យតម្រូវការរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការកសាងពង្រឹងសមត្ថភាព និងការប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយក្នុងសហគមន៍ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងទំនាក់ទំនងជួយគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ជប៉ុន នៅក្រោយការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាក្នុងដំណើការនៃការ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាអាទិ៍៖ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការជួយឧបត្ថម្ភគាំទ្រក្នុងដំណាក់កាលវិបត្តនៃជំងឺកូវីដ-១៩ ជាដើម។ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរាល់សកម្មភាពទាំងអស់នេះ ដែលក៏មានការចូលរួមចំណែកផងដែរពីសំណាក់អង្គការ-សមាគម និងវិស័យឯកជនជប៉ុន ដោយពិតជាបានសរបញ្ជាក់ច្បាស់អំពីការផ្សារភ្ជាប់ដ៏ស្អិតរមួតរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនលើគ្រប់វិស័យ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ-សមាគមជប៉ុន រួមទាំងសប្បុរសជនសហគមន៍ជប៉ុន បន្តចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌ និងសប្បុរសធម៌នានា ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនកម្ពុជា ហើយកិច្ចការទាំងនេះ ក៏នឹងដើរតួនាទីសំខាន់ផងដែរក្នុងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ។
មួយវិញទៀត លោក ក៏បានអរគុណ និងស្វាគមន៍ចំពោះវិនិយោគិនជប៉ុន ដែលបានជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅធ្វើធុរកិច្ច ហើយសង្ឃឹមថា បន្តទៅមុខ វិនិយោគិនជប៉ុននឹងអញ្ជើញមកកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរបត់សាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។ ក្រៅពីការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា, ក្រុមហ៊ុន-សហគ្រាសជប៉ុន ក៏បាននាំមកនូវស្តង់ដារការងារ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់កម្មករ-និយោជិត។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់វិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថា ជាការពិចារណាគ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យច្បាស់លាស់យូរអង្វែង ក៏បានបង្ហាញផងដែរអំពីទំនុកចិត្តមកលើកត្តាស្ថិរភាព និងបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផលរបស់កម្ពុជា។
ជាការឆ្លើយតប លោក ស៊ឺស៊ឺមឹ តៃ បានរំឭកអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបានលើកឡើងអំពីកិច្ចខិតខំប្រែងរបស់លោកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា តាមរយៈការរៀបចំសកម្មភាពជាច្រើននៅក្នុងប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជាទាំងលើទិដ្ឋភាពវប្បធម៌ និងសក្តានុពលផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងយុគសម័យថ្មី ហើយលោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងបន្តរីកចម្រើន និងកាន់តែស៊ីជម្រៅបន្ថែមទៀត ៕
ដោយ ៖ សហការី