ព័ត៌មានទាន់ហេតុការណ៍៖

Liverpool យកឈ្នះ Ajax ចុងម៉ោង ខណៈដែល Spurs បរាជ័យក្រោមថ្វីជើង Sporting

ចែករំលែក៖

កីឡាករ Joel Matip របស់ក្រុមហង្សក្រហម Liverpool បានតែតបាល់បញ្ចូលទីនៅនាទីទី៨៩ ខណៈដែលក្រុមជើងឯករងមួយនេះកាលពីរដូវកាលមុនបានផ្តួលក្រុម Ajax Amsterdam ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពូល A នៅកីឡដ្ឋាន Anfieldកាលពីថ្ងៃអង្គារ។ ចំណែកក្រុមមាន់ខ្នាយមាសបានបរាជ័យក្នុងទឹកដី Sporting ក្នុងលទ្ធផល២ទល់០ក្នុងការប្រកួតនៅរាត្រីថ្ងៃអង្គារជាមួយគ្នានេះដែរ។

ក្រុមរបស់លោក Juergen Klopp បានចាញ់ការប្រកួតបើកឆាកក្នុងពូល ៤-១ នៅលើទឹកដីក្រុម Napoli ហើយកំពុងឆ្ពោះទៅរកលទ្ធផលដ៏ខកចិត្តមួយផ្សេងទៀត រហូតដល់ខ្សែការពារកណ្តាល Joel Matip បានរកគ្រាប់បាល់ចុងម៉ោងដើម្បីជួយសង្គ្រោះក្រុមហង្សក្រហមឲ្យទទួលបាន៣ពិន្ទុ។

ការប្រកួតក្នុងតង់ទី១ ខ្សែប្រយុទ្ធ Mohamed Salah បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​ម្ចាស់ផ្ទះ​នាំ​មុខ​មុន​នៅ​នាទី​ទី១៧បន្ទាប់​ពី​ការបញ្ជូនបាល់ពី Diogo Jota ធ្វើឲ្យ​កីឡាករ​អេហ្ស៊ីប​ស៊ុតផុតដៃអ្នកចាំទី Remko Pasveer របស់ Ajax ដោយ​គ្រាប់​បាល់​បញ្ចូល​ទីនាំមុខ ប៉ុន្តែការនាំមុខនេះមានរយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះមុនពេល Ajax រកបានគ្រាប់បាល់តាមស្មើនៅនាទីទី២៧ដោយកីឡាករ Mohammed Kudus ។

ក្រុមហង្សក្រហម Liverpool បានឆ្លើយតបយ៉ាងល្អក្នុងការប្រកួតនៅតង់ទី២ ហើយទោះបីជា Virgil van Dijk បានព្យាយាមរកគ្រាប់បាល់មិនបានសម្រេចក៏ដោយ ដោយការតែតបាល់ពីជ្រុងពីការបញ្ជូនរបស់ Trent Alexander-Arnold នៅនាទីទី៣៥។ បន្ទាប់មក Alexander-Arnold បានក៏បានស៊ុតបាល់ចំគោលដៅមួយគ្រាប់ទៀត ប៉ុន្តែត្រូវអ្នកចាំទី Ajax សង្គ្រោះបាន។

ក្រុម Liverpool ត្រូវការឈ្នះដើម្បីរកបាន៣ពិន្ទុបន្ថែមនៅតង់ទី២ ដោយក្រុមបានដាក់ Darwin Nunez ហើយនៅនាទីទី៨៣ ប៉ុន្តែខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះបានស៊ុតចំគោលដៅមួយគ្រាប់ផងដែរ រហូតដល់នាទីទី៨៩ កីឡាករ Kostas Tsimikas បានបញ្ជូនបាល់យ៉ាងល្អ ហើយខ្សែការពារ Matip បានតែតបំប៉ោងសំណាញ់ទីបានសម្រេចដែលជាគ្រាប់ជ័យជម្នះរបស់ Liverpool។

ចំណែកក្រុមមាន់ខ្នាយមាស Tottenham Hotspur បានរងបរាជ័យជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ខណៈដែលក្រុម Sporting បានដណ្តើមបានជ័យជម្នះ ២-០ ក្នុងទឹកដីលើក្រុមរបស់លោក Antonio Conte ក្នុងក្របខ័ណ្ឌ Champions Leagueជាមួយនឹងគ្រាប់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែមពីកីឡាករបម្រុង Paulinho និង Arthur Gomes។ខ្សែប្រយុទ្ធប្រេស៊ីល Gomes ដែលទើបតែចូលទីលានប្រកួតបន្ទាប់ពីរកបានគ្រាប់បាល់នោះ បានធ្វើឱ្យប្រាកដថា ជ័យជំនះជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី៩០+៣នៃម៉ោងបន្ថែម។

គ្រូបង្វឹកក្រុម Spurs លោក Antonio Conte មិនសប្បាយចិត្តនឹងវិធីដែលក្រុមរបស់គាត់បរាជ័យនៅពេលបញ្ចប់ការជួបដ៏លំបាកមួយនេះទេ។ លោក​ថា​ “ប្រាកដ​ណាស់​ថា​យើង​មាន​ការ​ខក​ចិត្ត​ព្រោះ​ការ​ប្រកួត​មាន​តុល្យភាព ហើយ​យើង​បាន​ព្យាយាម​ឈ្នះ​ការ​ប្រកួត​ក្នុង​តង់​ទី​ពីរ។ ប៉ុន្តែក្នុងរយៈពេល១០នាទីចុងក្រោយ យើងអាចធ្វើបានល្អជាង។ ពួកគេបានស៊ុតបាល់ជ្រុងមួយ បន្ទាប់មកបានស៊ុតបញ្ចូលទីគ្រាប់ទីពីរបន្ទាប់ពី៩០នាទី។ វាជាការ ប្រកួតដ៏លំបាក”។

មុនការប្រកួតនោះមានភាពស្ងប់ស្ងាត់មួយនាទីដើម្បីរំលឹកដល់ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ដែលនាំឱ្យការប្រកួតទាំងអស់នៅក្នុងចក្រភពអង់គ្លេសដែលបានគ្រោងទុកសម្រាប់ចុងសប្តាហ៍មុនត្រូវបានពន្យារពេល និងការចាកចេញពីក្រុម Spurs ក្នុងការប្រកួតនៅប្រទេសព័រទុយហ្គាល់។

លទ្ធផលខាងលើរបស់ក្រុមអង់គ្លេសទាំង២បានធ្វើឲ្យមានការប្រែប្រួល ដោយក្រុម Liverpool ទទួលបាន៣ពិន្ទុក្នុងពូល A ស្ថិតនៅលេខ២បណ្តោះអាសន្ន។ ចំណែកក្រុម Tottenham ឈរលេខ​២ក្នុងពូល D មាន​៣​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​២​លើក ។

ក្រុម Liverpool នឹងត្រូវប៉ះក្រុមភ្ញៀវ Brighton នៅថ្ងៃទី១ ខែតុលាក្នុងក្របខ័ណ្ឌ Premier League ខណៈដែលក្រុម Spurs ធ្វើជាម្ចាស់ផ្ទះជួបក្រុម Leicester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/CNA)


ចែករំលែក៖