ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាក្នុងនាមប្រធានអាស៊ានបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប បានមានប្រសាសន៍ថា, ក្នុងបរិបទនេះ, កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជា ពិសេស ពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ) ក្នុងស្មារតីនេះ, កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោម សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១).ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២).ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែង របស់អាស៊ាន, (៣).ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែង អាស៊ានឱ្យខ្លាំងជាងមុន និង (៤).អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ ។

សម្តេចតេជោបានបន្តថា, ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ, អាស៊ាន ត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការពហុភាគីនិយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព / បន្ថែមលើនេះ, ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាត ឌីជីថលក្នុងតំបន់, ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការការពារពលករចំណាកស្រុក, ការ អភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម ។

សម្តេចតេជោថ្លែងបន្តថា, ជាមួយគ្នានេះដែរ អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក ១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង អាសិប, ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រម ព្រៀងនេះ ក្នុងន័យនេះ, កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល, ជំរុញ និង ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្ដល់គ្រប់ លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ

បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺ ការឆ្លើយតបឱ្យបាន ទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល ) ពិតណាស់ថា, បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, បរិស្ថាន, បម្រែបម្រួលអាកាស ធាតុ, ជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្តា ប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយម, បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក, ឬ ខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬ ក្រុមប្រទេសមួយក្តាប់តូច ដែលជា បក្សពួកខ្លួននោះឡើយ / ក្នុងន័យនេះ, អាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើឱ្យ ផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង ៕

ដោយ ៖ សិលា


ចែករំលែក៖