ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប នៅព្រឹកថ្ងៃពុធ​ ៤រោច​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២២​នេះ​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានសម្តែងនូវព្រះទ័យរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដូចរៀងរាល់ឆ្នាំ ដែលសម្តេចទាំងទ្វេ រួមជាមួយបុត្រាបុត្រី បុត្រប្រសារ ចៅប្រុសចៅស្រី និងសហការី​ តែងបានអញ្ជើញចូលរួមដោយឥតអាក់ខាន។

ព្រះតេជគុណបានចាត់ទុកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ថាជាពុទ្ធសាសនូបត្ថម្ភយ៉ាងសកម្មចំពោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ដែលការជួយទំនុកបម្រុងនេះ បានញ៉ាំងអោយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ពោលគឺវិស័យសាសនារបស់រដ្ឋ និងសាសនាដទៃទៀត​ ត្រូវបានស្តារឡើងវិញបន្ទាប់ពីត្រូវបានលុបបំបាត់ទាំងស្រុងដោយរបបអាវខ្មៅឥតសាសនា ដែលបានកាន់អំណាចនៅកម្ពុជារយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។

នាឱកាសដ៏វិសេសវិសាលនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន មានប្រសាសន៍ថា ជាការពិតវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលយើងបានរៀបចំអោយមានឡើងវិញនូវវត្តអារាម មានព្រះសង្ឃគង់នៅដឹកនាំវត្ត ដឹកនាំពុទ្ធបរិស័ទ ក្នុងការស្តារវិស័យព្រះពុទ្ធសាសនាឡើងវិញ ក្នុងនោះវិស័យមួយនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ក្នុងនោះក៏មាន​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ផងដែរ។

លោកបន្តថា ឆ្នាំនេះយើងមានការសប្បាយរីករាយជាខ្លាំងដោយបានធ្វើពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌដោយរលូនខុសពីកាលពីប៉ុន្មានឆ្នាំមុនដែលជម្ងឺកូវីដ-១៩ បានញាំញីខ្លាំងក្លានោះ តែលោកបាន គូសបញ្ជាក់ថា បើទោះជាបែបនេះក្តីក៏យើងត្រូវតែបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារជានិច្ចចំពោះការឆ្លងមេរោគកូវីត-១៩ នេះ ព្រោះថាវាមិនទាន់វិនាសអស់ទាំងស្រុងនៅឡើយទេ។

ក្នុងឱកាសនេះ សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានប្រគេនបច្ច័យដល់វត្តប្រជុំនទី ហៅវត្តក្រពើហា​ចំនួន ២៥លានរៀល ប្រគេនដល់ព្រះសង្ឃចំនួន ៣១៤អង្គ ក្នុង១អង្គៗចំនួន ២ម៉ឺនរៀល ក្រណាត់ស ១០០ដុំ អមជាមួយថវិកា ក្នុង១ដុំចំនួន ១ម៉ឺនរៀល​ ទុកសម្រាប់ចែកជូនយាយជីតាជីចំនួន ១០០នាក់ អង្ករ ៥តោន ត្រីខចំនួន ២០កេស ទឹកសុីអុីវ ៣០យួរ ប៊ីចេង ១០០គីឡូក្រាម មី ១៥កេសធំ ទឹកដោះគោ ១០កេសធំ ស្ករស ១០០គីឡូក្រាម តែ ១០គីឡូក្រាម ទឹកសុទ្ធ ៥០កេស ទឹកក្រូច ទឹកផ្លែឈើ ៥០កេស និងសាដកមួយចំនួនទៀតផងដែរ​ ៕

ដោយ ៖ សហការី


ចែករំលែក៖