ព័ត៌មានទាន់ហេតុការណ៍៖

ចុម! តិចប្រញាប់ចូលផ្ទះសំណាក់ទៅ?! បុរសម្នាក់បើករថយន្តបែនដឹកដីយ៉ាងលឿនជ្រុលបុកចូលផ្ទះសំណាក់«សាត ចំរើន» បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាងៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើកររថយន្តបែនដឹកដីជ្រុលចង្កូតបុកចូលផ្ទះសំណាក់មួយកន្លែងដែលមានស្លាកយីហោ «សាត ចំរើន» បណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗចាក់ដីចោលទៅបោកផ្ទប់នឹងទូទឹកកកជាច្រើនគ្រឿងរងការខូចខាតអស់មួយចំនួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅពេលកើតហេតុមានបុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-0522 តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសម ខណៈបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតទៅខាងស្តាំដៃជ្រុលទៅខាងមុខផ្ទះសំណាក់មួយកន្លែងដែលមានស្លាកយីហោ «សាត ចំរើន» បណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗចាក់ដីចោលទៅបោកផ្ទប់នឹងទូទឹកកកជាច្រើនគ្រឿងនៅខាងមុខផ្ទះសំណាក់នោះ តែសំណាងល្អក្នុងករណីនោះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ ដោយគ្រាន់តែរងការខូចខាតរថយន្តបង្កហេតុ និងទូទឹកកកអស់មួយចំនួនប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យមើលជាក់ស្តែងមិនមានខូចខាតសម្បត្តិរដ្ឋ ទើបឱ្យភាគីខាងម្ចាស់រថយន្តបង្ក និងភាគីខាងម្ចាស់ផ្ទះសំណាក់ ធ្វើការសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កបានយល់ព្រមសងថ្លៃការខូចខាតដល់ភាគីម្ចាស់ផ្ទះសំណាក់ដើម្បីបញ្ចប់រឿង រួចបានទំនាក់ទំនងទៅខាងរថយន្តស្ទូចឱ្យចុះមកស្ទូចយករថយន្តទៅជួសជុល ដោយខ្លួនឯង ៕

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖