ព័ត៌មានទាន់ហេតុការណ៍៖

WHO ៖ បានមើលឃើញចុងបញ្ចប់នៃជំងឺកូវីដ-១៩

ចែករំលែក៖

អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ពិភពលោកមិនដែលស្ថិតនៅក្នុងដំណាក់កាលល្អដូចជាពេលនេះឡើយ ក្នុងការបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ។
តាមសារព័ត៌មាន Straits Times បានផ្សាយថា នេះជាការលើកឡើងរបស់អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus អំពីវិបត្តិសុខាភិបាលដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមក សម្លាប់មនុស្សជាង៦លាននាក់។

អគ្គនាយកអង្គការសុខភាពពិភពលោកTedros Adhanom Ghebreye បានឱ្យដឹងថា «យើងមិនទាន់អាចបញ្ចប់ជំងឺរាតត្បាតនៅឡើយទេ ប៉ុន្តែវាមិននៅឆ្ងាយទៀតឡើយ ហើយពិភពលោកចាំបាច់ត្រូវតែក្តាប់យកឱកាសដើម្បីបញ្ចប់ការឆ្លងកូវីដ-១៩។

មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានលើកឡើងថា «កីឡាម៉ារ៉ាតុងមិនបង្អង់ក្នុងនោះឡើយពេលមើលឃើញគោលដៅនៅខាងមុខ។ យើងក៏ដូច្នេះដែរពេលឃើញគោលដៅចុងក្រោយនៃជ័យជម្នះ យើងនឹងមិនបង្អង់នោះឡើយ»។
បច្ចុប្បន្នអាមេរិកនៅមានករណីឆ្លងកូវីដ-១៩នៅខ្ពស់ដដែល ដោយ
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ៥៥,៣៩៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៣១៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៧,៣៤០,០១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧៧,៤៧៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩៣.៥៧លាននាក់។
សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕

ដោយ៖ ធីរីណា


ចែករំលែក៖