ភ្នំពេញ ៖ «ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ ទម្រាំបានហូបនំមួយៗ។» នេះជាថ្លែងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក ហ៊ុន ម៉ានី បានលើកឡើងថា, កាលនៅពីក្មេង ខ្ញុំចាំបានថាដល់រដូវវេចនំអន្សម ខ្ញុំតែងជួយកោសដូងលោកយាយ អ្នកម៉ែ។ ថ្ងៃនេះខ្ញុំបានចូលរួមវេចខ្លួនឯង ទើបខ្ញុំដឹងថា ពិតជាមិនងាយស្រួលទេ ទម្រាំវេចបាននំមួយៗ ផ្តើមចេញពីការរៀបចំគ្រឿងផ្សំតាមលំដាប់លំដោយ ពេលវេច ពេលចង ពេលចំអិន និងការថែរក្សា។
លោកបន្តថា, ខ្ញុំសូមកោតសរសើរក្រុមការងាររៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» ដែលបានរៀបចំកម្មវិធីមួយ ដែលធ្វើឲ្យខ្ញុំស្ថិតក្នុងបរិយាកាសនៃបុណ្យភ្ជុំបិណ្ឌ រួចបាត់ទៅហើយ។ បរិយាកាសនេះ និងឱកាសនៃការជួបជុំអ្នកស្រឡាញ់ ថែរក្សាវប្បធម៌ខ្មែរបែបនេះ ពិតជារីករាយ និងមិនសូវបានប្រទះឃើញនោះទេ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូន យុវជន យុវនារី ក៏ដូចជាក្រុមគ្រួសារខ្មែរចូលរួមវេចនំអន្សមរួមគ្នា ជាក្រុមគ្រួសារខ្មែរនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល ៕
ដោយ ៖ សិលា