ព័ត៌មានទាន់ហេតុការណ៍៖

កសិករខេត្តត្បូងឃ្មុំ និយមដាំដំឡូងមី ព្រោះវាជួយធ្វើឱ្យសេដ្ឋកិច្ច គ្រួសារកាន់តែប្រសើរឡើង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដំឡូងមីត្រូវនឹងដីក្រហមដែលភាគច្រើននៅក្នុងខេត្តត្បូងឃ្មុំ។ ដំឡូងមី ពូជ៤ប្រភេទគឺ ពូជ៨១ ពូជរ៉ាក់យ៉ង៩ ពូជម៉ាឡេ និងពូជប៉ិគួក ដែលកសិករនិយមដាំ ដោយសារវាងាយដាំ,ធន់ជំងឺឲ្យផលខ្ពស់។ នៅខេត្តត្បូងឃ្មុំមានប្រជាកសិករដាំដំឡូងមីលើផ្ទៃដីទំហំជាង៥ម៉ឺនហិកតា ឯណោះ។ 

ប្រជាកសិករខេត្តត្បូងឃ្មុំនិយមដាំដំឡូងមីពីព្រោះវាមានទិន្នផលល្អ ថែមទាំងមានទីផ្សារស្រួលលក់ពោលគឺមានហ្វាយឡូឈរចាំទទួលទិញតែម្តង។ ប្រជាកសិករនិយមដាំ និងបង្កើនការដាំច្រើនជាងឆ្នាំទៅមិញ ដោយបានទិន្នផលខ្ពស់ធ្វើឲ្យកំរិតជីវភាពឡើងខ្ពស់គួរកត់អោយ សំគាល់។ នៅឆ្នាំនេះដំឡូងមីបានទិន្នផលខ្ពស់គួរសមនិងលក់ក៏បានតម្លៃសមរម្យជាងឆ្នាំមុនៗផងដែរ។

  លោក ទេន ទុំ ៣០ឆ្នាំ រស់ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ទោះបីមានភ្លៀងធ្លាក់ជោគជាំយ៉ាងណាក៏ដោយ តែដំឡូងមីរបស់កសិករយើងមិនមានផលប៉ះពាល់អ្វីនោះទេ។ យ៉ាងណាក៏កសិករយើងមានការព្រួយបារម្ភអំពីបញ្ហាជំងឺខ្លះៗដែរចំពោះដំណាំដំឡូងមីនេះ។

ពូជដំឡូងមី៤ប្រភេទ មានៈ ពូជ៨១ ពូជរ៉ាក់យ៉ង៩ ពូជម៉ាឡេ និងពូនប៉ិគួក ក្នុងនោះដែរ ពូជ៣ប្រភេទមានៈ ពូជ៨១ ពូជរ៉ាក់យ៉ង៩ និងពូជម៉ាឡេ ឲ្យផលក្នុង១ហិកតា ពី១៥តោន ទៅ១៨តោន។ រីឯពូជប៉ិគួក ឲ្យផលច្រើន ជាងគេរហូតដល់ពី២៥តោន ទៅ២៧តោន ក្នុង១ហិកតា។ រីឯការថែទាំនិងប្រើជីមានលក្ខណៈស្រដៀងគ្នា។

ដំឡូងមីដាំរយៈពេល១០ខែ កសិករអាចប្រមូលផលបានហើយ។ គ្រួសារគាត់បានដាំលើផ្ទៃដីទំហំ២ហិកតាដែរ វាឲ្យផលបាន៤៥តោនដែរ ក្នុងតម្លៃទឹកប្រាក់បាន១៦លានរៀល។ នៅឆ្នាំនេះបញ្ហាប្រឈមគឺភ្លៀងធ្លាក់ជោគជាំពេកបណ្ដាលឲ្យមានការលំបាកក្នុងការប្រមូលផល។

  លោក ទេន ទុំ បានឲ្យដឹងទៀតថា ឆ្នាំនេះដំឡូងស្រស់តម្លៃ៣៦០រៀលក្នុងមួយគីឡូក្រាម ហើយដំឡូងក្រៀមតម្លៃ៧៨០រៀល តម្លៃល្អជាងឆ្នាំនាពេលកន្លងមក ហើយទីផ្សារមិនពិបាកលក់ទេ មានថៅកែចាំឈរទិញតែម្តង។

  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅខេត្តត្បូងឃ្មុំរបស់យើង កសិករដាំដំឡូងមីលើផ្ទៃដីចំនួន ៥៣ ២០០ហិកតា ក្នុងនោះស្រុកដាំដែលដាំច្រើនជាងគេគឺមានចំនួន៤ស្រុក គឺ. ស្រុកតំបែរ ស្រុកមេមត់ ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ។ 

ហើយពីរស្រុកទៀតមានដែរតែតិច គឺ.ស្រុកអូររាំងឪ និងស្រុកក្រូចឆ្មារ។ ឆ្នាំនេះកសិករដាំច្រើនជាងឆ្នាំទៅ ដោយឆ្នាំទៅដាំតែជិត៥ម៉ឺនហិកតាតែប៉ុណ្ណោះ៕

ដោយ៖ សូរិយា


ចែករំលែក៖