ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីរៀបចំសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦នៅវត្តបុទុមវតី ហៅវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នាឱកាសដ៏ឧត្តុងឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈផ្សេងៗចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក។ ជាកិច្ចបន្ទាប់ សម្ដេចក្រឡាហោម និងលោកស្រី ក៏បានអញ្ជើញសមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ធិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណនិងបុព្វបុរសជាតិព្រមទាំងមន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។លុះព្រឹកឡើងថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ និងមានរៀបចំពិធីរាប់បាត្រ បង្សុកូល វេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ និងពហូដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី តែងតែដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
សូមជម្រាបផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅ ពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងនៅទូទាំងប្រទេសគឺចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោចដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ ពិធីបុណ្យភ្ជុំបិណ្ឌ រៀបចំឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅលោកខាងមុខ និងបានជាចំណែកសម្រាប់កសាងនូវបុណ្យកុសលសម្រាប់ពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ៕
ដោយ៖ សហការី