ភ្នំពេញ ៖ ក្រុមខ្មែរជួយខ្មែរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺទាក់ទងទៅនឹងចំណេះដឹងកំរិតវប្បធម៌ និងភាពចាស់ទុំរបស់ លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ តាងនាមយើងខ្ញុំជាក្រុមអព្យាក្រិត្យ ដែលតែងតែបញ្ចេញយោបល់ និងបង្ហាញទស្សន:នៅតាមបណ្ដាញសង្គម ដូចជាប្រព័ន្ធ Facebook, Youtube និង Streamyard យើងខ្ញុំសូមប្រកាសជាឧឡារិកថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ហ៊ុន ម៉ាណែត ពិតជាសមស្របទៅតាមចំណេះដឹង កំរិតវប្បធម៌ ភាពចាស់ទុំ អាយុកាល បទពិសោធ និងសមត្ថភាពបើប្រៀបធៀបទៅនឹង បេក្ខភាព ឬបុគ្គលិកលក្ខណ:របស់ឥស្សរជនដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលក្នុងតំណែង នៅប្រទេសជឿនលឿន និងធំៗដ៍ទៃទៀតនៅលើពិភពលោក។ ជាឧទាហរណ៍ជាក់ស្តែងបើនិយាយអំពីអាយុកាល និងភាពចាស់ទុំនៅពេលចូលកាន់ ដំណែងឥស្សរជនដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលក្នុងតំណែង មានលោកនាយករដ្ឋមន្ត្រីប្រទេសកាណាដា Justin Trudeau (41 ឆ្នាំ) លោកប្រធានាធិបតីប្រទេសបារាំង Emmanuel Macron (39 ឆ្នាំ) លោកស្រីនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស Mary Elizabeth Truss (47 ឆ្នាំ) លោកស្រីនាយករដ្ឋមន្ត្រីប្រទេសញ៉ូសេឡែន Jacinda Ardern (37 ឆ្នាំ) លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន Volodymyr Zelenskyy (42 ឆ្នាំ) លោកអតីតប្រធានាធិបតីប្រទេសរុស្សី Dmitry Medvedev(43 ឆ្នាំ) និងមានឥស្សរជនកំពូលៗដទៃទៀតនៅបណ្តាបស្ចឹមប្រទេសជាច្រើន។
ក្រុមខ្មែរជួយខ្មែរបានបញ្ជាក់បន្ថែមថា៖ ក្នុងនាមសមាជិកក្រុមយើងខ្ញុំដែលសុទ្ធសឹងជាបញ្ញវន្តរស់នៅបស្ចឹមប្រទេស មានសញ្ញាប័ត្រចាប់តាំងពីកំរិតបរិញ្ញាប័ត អនុបណ្ឌិត រហូតដល់បណ្ឌិតពីសាលានានាក្នុងសហរដ្ឋអាមេរិក ប្រទេសបារាំង និងប្រទេសកម្ពុជាដែលធ្លាប់និងកំពុងបំរើការ ជាវិស្វករនៅប្រទេសបារាំង ជាសាស្ត្រចារ្យ បុគ្គលិក្រសួងសង្គមកិច្ចនិងក្រសួងអប់រំ មន្ត្រីវិស្វកម្មនៃស្ថាប័នរក្សាកម្មសិទ្ឋបញ្ញា និងមន្ត្រីក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក សមាជិកក្រុមយើងខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំភ្លឺ វាយតំលៃ និងផ្តល់សេចក្តីទុកចិត្ត ដល់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ហ៊ុន ម៉ាណែត ទាក់ទងទៅនឹងសញ្ញាបត្រ និងកំរិតវប្បធម៌ដែល ចេញដោយបណ្ឌិតសភាយោធា សកលវិទ្យាល័យ New York នៃសហរដ្ឋអាមេរិក និងសកលវិទ្យាល័យ Bristol នៃប្រទេស អង់គ្លេស។
សេចក្តីថ្លែងការណ៍បំភ្លឺនេះ មានការវាយតម្លៃផ្ទុយពីមតិនៃមជ្ឈដ្ឋានមួយចំនួននៅបរទេស ជាពិសេសមេដឹកនាំ គណបក្សប្រឆាំងគឺ លោក សម រង្ស៉ី ដែលគេបានធ្លាប់ដឹងថា មានកំរិតវប្បធម៌ត្រឹមតែអនុបណ្ឌិតមកពីប្រទេសបារាំងបានធ្វើ ការចោទប្រកាន់កាលពីថ្ងៃទី១៣ កញ្ញា ២០២២ កន្លងទៅនេះ ក្នុងគោលបំណងបំភាន់សាធារណមតិដែលថា សញ្ញាបត្រនិងកំរិត វប្បធម៌ដល់ថ្នាក់បណ្ឌិតមកពីប្រទសអង់គ្លេសរបស់ លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រអនុគ្រោះ ក្រោមស្តង់ដារ មិនមានគុណភាព មិនមានបទពិសោធន៍ និងមិនមានភាពចាស់ទុំសមជាអ្នកដឹកនាំក្នុងតំណែងជានាយករដ្ឋមន្ត្រី។
ក្រុមខ្មែរជួយខ្មែរ សូមអំពាវនាវដល់មជ្ឈដ្ឋានសាធារណជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាឈប់ភ័ន្តច្រលំ និងយល់ខុសតាមការវាយតំលៃខុស ការបណ្តុះបង្អាប់ ដែលមានលក្ខណ:នយោបាយ និងមិនមាន មូលដ្ឋានពិតប្រាកដ របស់មេបក្សប្រឆាំងលោក សម រង្ស៉ី នេះទៅ៕
ដោយ៖ បញ្ជាការដ្ឋានកងទ័ពជើងគោក