ព័ត៌មានទាន់ហេតុការណ៍៖

កាឡេថង២គ្រឿង ជញ្ជូនឈើប្រើរូបភាពជាសត្វកណ្ដៀរ បំភាន់ភ្នែកមហាជន ដល់សមត្ថកិច្ចឃាត់រើមើល ភ្ញាក់ព្រឺត

ចែករំលែក៖

    ខេត្តកំពង់ធំ ៖ កាឡេថង២គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងចម្រុះធ្វើការបង្ក្រាបបាន ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលពេលដែលធ្វើការឆែកឆេរមើលបាននឹកស្មានមិនដល់។

    ប្រភពពីប្រជាពលរដ្ឋនៅតាមដងផ្លូវ បានឲ្យដឹងថា ជារឿយៗតែងតែឃើញមានសកម្មភាពដឹកជញ្ជូនតាមរូបភាពបែបនេះ តាមដងផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ជារៀងរាល់ថ្ងៃ ហើយមានចំនួនច្រើនកាឡេថងផងដែរ ប៉ុន្តែពុំឃើញមានសមត្ថកិច្ចជំនាញប្រចាំគោលដៅ ធ្វើការបង្រ្កាបឡើយ។

    ជាក់ស្ដែងនៅវេលាម៉ោងប្រមាណ១៧:៣០នាទី ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ទើបឃើញកម្លាំងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងចម្រុះ បានធ្វើការស្ទាក់ឃាត់ កាឡេថងដឹកឈើខាងលើបាន២គ្រឿង ហើយធ្វើការពិនិត្យមើលទើបដឹងថាកាឡេថងទាំងនោះ ប្រើរូបភាពដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និង មហាជនតែប៉ុណ្ណោះ។ 

     ស្របពេលសមត្ថកិច្ចកំពុងធ្វើការពិនិត្យមើលបទល្មើសជាក់ស្ដែង ស្រាប់តែលេចមុខជនមួយក្រុមមិនស្គាល់អត្តសញ្ញាណ ទំនងជាបក្ខពួកជនល្មើស បានចូលមកក្នុង ទីតាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្នុងគោលបំណងរំដោះវត្ថុតាង ដោយប្រើអាកប្បកិរិយា ច្រង៉េង ច្រង៉ាង ថែមទៀតផង។

     សមត្ថកិច្ច រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែង កាឡេថងទាំងនោះ ដឹកប្រភេទឈើចម្រុះលេខ២ ហើយក្នុង១កាឡេថង ដឹកចាប់ពី ៨ផ្លានទៅ១គីប ដោយប្រើរូបភាពដាក់អុសបាច់ពីលើ  ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និង មហាជន។

      យោងតាមរបាយការណ៍ សមត្ថកិច្ចរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបឲ្យដឹងថា ជនល្មើសទី១ ឈ្មោះ សឿន ឆោម អាយុ១៩ឆ្នាំ  ទី២ឈ្មោះ មាន ពេជ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២ រស់នៅភូមិទោង  ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុក នៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីចំណាត់ការបន្តតាមនីតិវិធី ៕

ដោយ៖កែវ មន្នី


ចែករំលែក៖