ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន​ និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីឱ្យព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រព្រឹត្ដទៅដោយរលូន​ គណៈកម្មការព័ត៌មាន​ និងផ្សព្វផ្សាយ និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយព័ត៌មាន ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ព័ត៌មាន​ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី១៦​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

ក្នុង​កិច្ចប្រជុំពិភាក្សាការងារគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រវាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក និងលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយគណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដើម្បីពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍គ្នា នៅក្នុងផ្នែកណា ដែលយើងអាចសហការជាមួយគ្នាបាន រវាងគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ 

នាឱកាសនោះ​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានមានប្រសាសន៍បញ្ជាក់ថា៖ ស.ស.យ.ក មិនមានរចនាសមន្ធ័ នៅក្នុងគណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នោះទេ គ្រាន់តែជាដៃគូនៃកិច្ចសហការជាមួយ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តាមរយៈការចូលរួមផ្តល់ជារូបភាពសហការ ដោយមិនធ្វើការងារជាន់ជាមួយ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនោះទេ ហើយធ្វើអ្វីផ្អែកលើការពិគ្រោះយោបល់គ្នា មានការឯកភាពជាមួយ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ។ 

លោក ផុស សុវណ្ណ ក្នុងនាមគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានបញ្ជាក់ពីជំហរ ក្នុងការធ្វើកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយព័ត៌មាន សម្រាប់ដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ។ 

គួររម្លឹកផងដែរថា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីខែសីហា កន្លងមកទៅថ្មីៗនេះ បានជំរុញឱ្យគណៈកម្មការពាក់ពន្ធ័ ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣ រួមមានយុទ្ធនាការ កីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន៕

ដោយ​៖សហការី​


ចែករំលែក៖