ខេត្តសៀមរាប៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញលោកព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តី ក្រសួងផលិតកម្ម របស់អូស្ត្រាលី ទស្សនកិច្ចសកម្មភាពរាវរកគ្រាប់មីនរបស់សត្វកណ្តុរ នៃអង្គការ Apopo ប្រចាំកម្ពុជា នៅទីស្នាក់ខេត្តសៀមរាប។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងគោលដៅចូលរួមកាត់បន្ថយការគ្រោះថ្នាក់អាយុជីវិត និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យប្រទេសអូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា ទោះបីកម្ពុជាមិនបានសម្រេចគោលដៅឆ្នាំ២០២៥ ក៏ដោយ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អង្គការ Apopo ប្រចាំនៅកម្ពុជា ដែលបានធ្វើការហ្វឹកហ្វឺនជំនាញរាវមីនដល់សត្វកណ្តុរ និងសត្វឆ្កែ ចាប់តាំងពីឆ្នាំ២០១៤ ក្នុងការចូលរួមដល់ការងារបោសសម្អាតមីន នៅកម្ពុជា ដែលគិតត្រឹមឆ្នាំ២០២១ អង្គការ Apopo បានធ្វើការរំដោះផ្ទៃដីមានមីនប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា។
លោកព្រឹទ្ធសមាជិក Tim Ayres បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីននៅកម្ពុជា ហើយលោកព្រឹទ្ធសមាជិក មានសេចក្តីសប្បាយរីករាយចំពោះការរីកចំរើនរបស់កម្ពុជា ព្រមទាំងសង្ឃឹមថា កម្ពុជា នឹងរួចផុតពីការគម្រាមកំហែងដោយសារគ្រាប់មីន និងអាចសម្រេចតាមគោលដៅរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយក្នុងការចូលរួមវិស័យសកម្មភាពមនុស្សធម៌នៅកម្ពុជា ដែលបានបរិច្ចាគថវិកាជាង១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ និងក្រោយមកបាន ចូលរួមគាំទ្រ ដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានរាប់លាននាក់ឲ្យរួចផុតពីគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕
ដោយ៖សហការី