ខេត្តកំពត៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តកំពត បានបំបែកសំណុំរឿងឃាតកម្មរំលោភធ្វើទារុណកម្មដ៏ឃោរឃៅ និងលួចមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនដៃដល់ម្នាក់ ត្រឹមរយៈពេល៧២ម៉ោង។
របាយការណ៍ដដែលបន្តថា មានករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចថ្លុកតាបាន កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះ ស្ថិតក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
ក្រោយឃាតកម្មកើតឡើង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក និងកម្លាំងអធិការនគរបាលស្រុកទឹកឈូ បើកការស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ុក ច្រិល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បាននៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង១៥នាទី ស្ថិតនៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានម៉ូតូ០១គ្រឿង និងទូរស័ព្ទ០១ គ្រឿង ជារបស់ជនរងគ្រោះ ។
ក្រោយប្រតិបត្តការចាប់ឃាត់ខ្លួនជនសង្ស័យខាងលេីនេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ “ខ្ញុំសូមកោតសរសើរផែននគរព្រហ្មទណ្ឌ ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក លក ញ៉ាវ ស្នងការរង, លោកអធិការស្រុកទឹកឈូ និងលោកអធិការស្រុកឈូក ដែលបានខិតខំស្រាវជ្រាវបំបែកករណីរំលោភសម្លាប់ហើយប្លន់ នៅឃុំត្រពាំងភ្លាំង ស្រុកឈូក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ រយៈពេល ៧២ម៉ោង ដែលកម្លាំងជំនាញបានខិតខំរកយុត្តិធម៏ជូនជនរងគ្រោះរួមនឹងក្រុមគ្រួសាររបស់ជនរងគ្រោះ។
លោកស្នងការខេត្ត បានបន្ថែមថា ក្នុងនាម លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថមជាថវិការលើកទឹកចិត្តចំនួន ៤លានរៀនសំរាប់ផែនព្រហ្មទណ្ឌ , ថវិកា ២លានរៀលសំរាប់អធិការស្រុកទឹកឈូ និង ២លានរៀលសំរាប់អធិការស្រុកឈូក ចំពោះកិច្ចខិតខំប្រឹងប្រែងបំបែកករណីដ៏ឃោរឃៅនេះ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖សហការី