ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែនសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងពិសេសខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ នេះបើយោងតាម ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ 

បការ១. ត្រូវបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលមានសមាសភាព

ដូចខាងក្រោម៖

១-លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធាន

២-លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធាន

៣-លោក នៅ លក្ខណា អនុរដ្ឋលេខាធិការ ក្រសួងមហាផៃ្ទ អនុប្រធាន និងសមាជិក ៩រូប។

ប្រការ២. ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ចដូចខាងក្រោម៖

 – រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការ ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។

ប្រការ៣. អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន។ ក្រុមការងារនេះ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់។

ប្រការ៤.ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល ការងារនេះជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ដើម្បីជ្រាប និងស្នើសុំមតិដឹកនាំបន្ត។

ប្រការ៥.សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៦.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមាន ប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ ស សម


ចែករំលែក៖