ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ បានមានប្រសាសន៍ណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធរួមមាន អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង០៦ និងនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង០៦ ក្នុងការជំរុញឱ្យបន្តចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខណ្ឌ ។
លោកអភិបាលខណ្ឌបានឱ្យដឹងថា ការចុះបង្រ្កាបល្បែងសុីសងនេះត្រូវធ្វើឡើងដូចភ្លៀងរលឹម និងធ្វើជារៀងរាល់ថ្ងៃ ដោយមិនមែនធ្វើតែមួយលើកឬពីរលើកហើយឈប់នោះទេ ត្រូវកត់សម្គាល់ និងឃ្លាំមើលទីតាំងដែលបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដើម្បីចុះបង្រ្កាបឱ្យបានទាន់ពេលវេលា និងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមិនមែនចុះទៅគ្រាន់តែណែនាំនោះទេ ។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់ហើយ គណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ លោកអភិបាលរងខណ្ឌបានបែងចែកកម្លាំងចុះតាមគោលដៅក្នុងមូលដ្ឋានសង្កាត់ទាំង០៦ ដោយបង្រ្កាបបានទីតាំងមួយចំនួន និងបន្តចុះបង្រ្កាបជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមពង្រឹងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព និងស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមសហការរាយការណ៍ដើម្បីបង្រ្កាបបទល្មើសល្បែងសុីសងក្នុងមូលដ្ឋានឱ្យទទួលបានជោគជ័យបន្ថែមទៀត ដោយសូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតលំនៅឋានរបស់បងប្អូន ដើម្បីចុះបង្រ្កាបឱ្យបានទាន់ពេលវេលា ៕
ដោយ៖ចន្ទ លីហ្សា