ព័ត៌មានទាន់ហេតុការណ៍៖

អកុសលម្លេះ..! បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការតែត្រូវបានរថយន្តធុនធំមកពីក្រោយបុកនិងកិនបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចេញពីធ្វើការបំណងទៅផ្ទះវិញ ខណៈបានពាក់កណ្ដាលផ្លូវក៏បុកជាមួយនឹងខឿនថ្មសួនច្បារចែកផ្លូវបណ្ដាលឲ្យដួលទៅនឹងថ្នល់ ស្របពេលនោះក៏មានរថយន្តធុនធំមកពីក្រោយចាប់ហ្រ្វាំងមិនទាន់បានបុក និងកិនពីលើ បណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង​ ៧ និង៤០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ​  ផ្លូវ២១៧​ ភូមិបាគូ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ជនរងគ្រោះឈ្មោះ សែម គឹមសុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើត ភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំកាណាស៉ីធី ខណ្ឌពោធិ៍សែនជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។ 

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1V-5225 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ឆ្លងស្ពានព្រែកជ្រៃក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែម្ដងជាមួយកើតហេតុ​ ក៏បានរេចង្កូតបុកជាមួយនឹងខឿនថ្មសួនច្បាចែកផ្លូវបណ្ដាលឲ្យម៉ូតូដួល ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តម៉ាកHiNO ពាក់ស្លាកលេខកណ្ដាល  3A-1188  មកពីក្រោយចាប់ហ្រ្វាំងបន្ទាន់ក៏ជ្រុលបុក និងកិនជនរងគ្រោះពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។ 

     ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅដល់ទីតាំងនៅកន្លែងកេីតហេតុនិងធ្វើការវាស់វែង រួចប្រគល់រថយន្តនិងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពជនរងគ្រោះបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖