ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ពីរនាក់នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្មំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូរបស់សមត្ថកិច្ចបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ ម៉ាប់ ញឹប អាយុ២៥ មុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបិ៍អុបទិច មានស្រុកកំណើតនៅក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JQ.3757បើកបរដោយយុវជនម្នាក់និងរួមដំណើរដោយយុវជនម្នាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុបានវ៉ាជែងនឹងម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាកCRFពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1JG .7897បើកបរដោយបុរសម្នាក់ជាកម្លាំងមានសមត្ថ
កិច្ចដែលទើបតែចេញពីកន្លែងគោលដៅយាម គោលបំណងត្រឡប់ទៅប៉ុស្តិ៍វិញ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឲ្យយុវជនម្នាក់ដែលជិះម៉តូម៉ាកសង់សេ១២៥បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នឹងម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រោះភ្លាមៗនៅមន្ទីរពេទ្យ ដោយឡែកម៉ូតូរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖